ព្រះត្រៃបិដក ភាគ ៥៥
(បណ្ឌិតបុរសសួរថា) បពិត្រទេវតា ឈ្មោះសុធម្មៈ យើងសូមធ្វើនូវអញ្ជលីដ៏ច្រើន ហើយសួរ (លោក) ចុះលោកបានធ្វើអំពើដូចម្តេច ក្នុងមនុស្សលោក ទើបបានទៅកើតជាទេវតា ឈ្មោះសុធម្មៈ។
(ទេវតាឆ្លើយថា) បុគ្គលណា ឲ្យផ្ទះដែលធ្វើដោយដើមអំពៅកី្ត ផ្ទះដែលធ្វើដោយស្មៅកី្ត ផ្ទះដែលធ្វើដោយសំពត់កី្ត បុគ្គលនោះ លុះឲ្យផ្ទះទាំង ៣ ណានីមួយហើយ រមែងទៅកើតជាទេវតា ឈ្មោះសុធម្មៈ។
ចប់ តតិយនាគវិមាន ទី១២។
ចូឡរថវិមាន ទី១៣
[៦៣] (ព្រះមហាកច្ចាយនៈសួរថា) អ្នកឈរច្រត់ធ្នូ ដែលធ្វើអំពីឈើខ្លឹមយ៉ាងមាំ អ្នកជាខត្តិយរាជកុមារ ឬជាព្រានថ្មើរព្រៃ។
(ព្រះរាជកុមារតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាកូនរបស់ស្តេចជាធំក្នុងដែនអស្សកៈ ជាអ្នកថ្មើរព្រៃ បពិត្រភិក្ខុ ខ្ញុំសូមប្រាប់ឈ្មោះរបស់ខ្ញុំដល់លោក ពួកជនអ្នកចេះដឹង ស្គាល់ខ្ញុំថា សុជាតៈ កាលខ្ញុំស្វែងរកម្រឹគ ចូលទៅក្នុងព្រៃធំ ទៅតាមហើយ តែមិនឃើញម្រឹគ ខ្ញុំក៏បានជួបប្រទះនឹងលោក ហើយឋិតនៅ។
(ព្រះកច្ចាយនៈពោលថា) បពិត្រព្រះអង្គមានបុណ្យច្រើន ព្រះអង្គស្តេចមកស្រួលហើយឬ មួយទៀត ព្រះអង្គស្តេចមកអំពីទីមិនឆ្ងាយទេឬ សូមព្រះអង្គដងទឹកអំពីនេះ លាងព្រះបាទរបស់ព្រះអង្គចុះ
ID: 636866319356059789
ទៅកាន់ទំព័រ៖