ព្រះត្រៃបិដក ភាគ ៥៥
(ព្រះរាជកុមារពោលថា) បពិត្រលោកនិទ៌ុក្ខ បើព្រះពុទ្ធជាសាស្តារបស់លោក ទ្រង់ឋិតនៅ ខ្ញុំគប្បីទៅអស់ទីមួយពាន់យោជន៍ ដើម្បីចូលទៅគាល់ព្រះអង្គ បពិត្រលោកនិទ៌ុក្ខ កាលបើព្រះពុទ្ធជាគ្រូរបស់លោក បរិនិព្វានហើយ ខ្ញុំក៏សូមដល់នូវព្រះពុទ្ធ ជាមហាវីរបុរស ដែលបរិនិព្វានហើយ ជាសរណៈ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាសរណៈផង នូវព្រះធម៌ ជាសរណៈផង សូមដល់នូវព្រះសង្ឃជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់មនុស្ស និងទេវតា ជាសរណៈផង
ខ្ញុំសូមវៀរចាកបាណាតិបាតយ៉ាងឆាប់ផង វៀរចាកអទិន្នាទានក្នុងលោកផង មិនផឹកទឹកស្រវឹងផង មិនពោលពាក្យកុហកផង ជាអ្នកត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួនផង។
(ព្រះថេរៈសួរថា) ព្រះអាទិត្យមានរស្មីច្រើន មានពន្លឺធំបែបណា ចរទៅក្នុងអាកាស រមែងបំភ្លឺនូវទិសបានយ៉ាងណា រថធំរបស់អ្នកនេះ មានប្រការបែបនោះដែរ រថជុំវិញខាងបណ្តោយមួយរយយោជន៍ ស្រោបជុំវិញដោយផែនមាស គល់ចន្ទោល វិចិត្រដោយកែវមុក្តា និងកែវមណី ក្បាច់ជាវិការៈនៃកែវពិទូរ្ស រំលេចឰដ៏ផែនមាស និងប្រាក់ ញុំារថឲ្យរុងរឿង
ID: 636866320751439600
ទៅកាន់ទំព័រ៖