ព្រះត្រៃបិដក ភាគ ៥៥
ពួកស្រីទេពអប្សរទាំងនោះ ប្រដាប់ដោយកម្រងផ្កា បិទស្រោបដោយផ្កាឈូក និងផ្កាឧប្បល ប្រដាប់ប្រស់ព្រំដោយខ្លឹមចន្ទន៍ ពួកស្រីទេពអប្សរទាំងនោះ មានកិរិយាប្រព្រឹត្តតាម ត្រេកអរហើយ ក្នុងចិត្តរបស់អ្នក ឋិតនៅលើរថ ផ្គងអញ្ជលីគាល់បំរើ បណ្តាគ្រឿងប្រដាប់សម្រាប់ស្អិតស្អាង គ្រឿងប្រដាប់ទាំងឡាយណា ត្រង់ដៃទាំងឡាយ ត្រង់ជើងទាំងឡាយ និងត្រង់ក្បាលរបស់អ្នក គ្រឿងប្រដាប់ទាំងនោះ ញុំាងទិសទាំង ១០ ឲ្យភ្លឺសព្វ ដូចព្រះអាទិត្យរះឡើង ក្នុងសរទកាល (រដូវលំហើយ) កម្រងផ្កា និងគ្រឿងប្រដាប់ទាំងឡាយត្រង់ដើមដៃទាំងឡាយរបស់អ្នក កាលបើត្រូវកំឡាំងនៃខ្យល់បក់មក ក៏ញាប់ញ័រ រមែងបញ្ចេញនូវសូរ ដ៏រងំពីរោះល្អ មានសភាពគួរឲ្យអ្នកផង ជាអ្នកចេះដឹង ចង់ស្តាប់ ពួកស្រីទេពអប្សរ ឋិតនៅក្នុងទីឱទ្យាន ជាជួរទាំងសងខាង សូរស័ព្ទសំឡេង (ក៏កើតឡើងព្រោះអាស្រ័យ) រថផង ដំរីផង តូរ្យតន្ត្រីផង ម្នាលអ្នកជាធំជាងទេវតា ពួកស្រីទេពអប្សរ តែងញុំាងអ្នកឲ្យត្រេកអររីករាយ ដូចពិណមានស្នូក និងសន្ទះដ៏ល្អ
ID: 636866321947668021
ទៅកាន់ទំព័រ៖