ព្រះត្រៃបិដក ភាគ ៥៥
អគារិយវិមាន ទី២
[៦៦] (ព្រះមោគ្គល្លានសួរថា) ចិត្តលតាវ័ន ជាឱទ្យានប្រសើរខ្ពង់ខ្ពស់របស់តាវតឹ្តង្សទេវតាទាំងឡាយ ភ្លឺរុងរឿងយ៉ាងណា វិមានរបស់អ្នក ក៏ភ្លឺព្រោងព្រាយ ឋិតនៅក្នុងអាកាសយ៉ាងនោះដែរ អ្នកបានសម្រេចនូវទេវឫទិ្ធ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកទៀត ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។
ទេវបុត្រនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា
ខ្ញុំ និងភរិយា (កាលនៅ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រងផ្ទះ ជាអ្នកមានចិត្តជ្រះថ្លា មានសភាពដូចជាអណ្តូងទឹក បានឲ្យបាយ និងទឹកជាទានដ៏ច្រើនដោយគោរព
សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ អគារិយវិមាន ទី២។
ID: 636866323781622917
ទៅកាន់ទំព័រ៖