ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំក៏បាននូវអាពាធជាទម្ងន់ មរណៈ ក៏កើតមានដល់ខ្ញុំយ៉ាងឆាប់ ខ្ញុំនៅគ្រប់គ្រងវិមាន ប្រកបដោយកាមគុណទាំងពួង ដ៏ជាទិព្វនេះ ក្នុងទេវបូរី (តាវត្តឹង្ស) ដោយអានុភាពនៃសេចកី្តជ្រះថ្លានោះឯង មួយទៀត សេចកី្តរីករាយ កើតមានដល់ខ្ញុំ ព្រោះឮសំឡេង ដើម្បីត្រាស់ដឹងនូវពោធិញ្ញាណ ដោយកុសលមូលណា ខ្ញុំនឹកសង្ឃឹមថា មុខជាបាននូវអាសវក្ខយញ្ញាណ ដោយកុសលមូលនោះឯង បពិត្រលោកដ៏ចំរើន ប្រសិនបើលោកនិមន្តទៅក្នុងសំណាក់នៃព្រះពុទ្ធជាសាស្តា សូមលោកម្ចាស់ក្រាបបង្គំទូលនូវកិរិយាថ្វាយបង្គំដោយសិរ្សៈ តាមពាក្យរបស់ខ្ញុំ ចំពោះអង្គព្រះជាសាស្តានោះ ចំណែកខ្ញុំគង់ទៅចួបនឹងព្រះជិនស្រីដែរ ដែលជាបុគ្គលរកអ្នកដទៃប្រៀបផ្ទឹមមិនបាន (ព្រោះ) ការឃើញនូវព្រះលោកនាថ ជាតាទិបុគ្គល រកបានដោយកម្រ។
ឯកណ្ឋកទេវបុត្តនោះ ជាអ្នកមានកតញ្ញូកតវេទិតា ចូលទៅគាល់ព្រះសាស្ដា លុះបានស្ដាប់ព្រះពុទ្ធដីកា (របស់ព្រះសម្មាសម្ពុទ្ធ) ទ្រង់មានចក្ខុ ហើយបានជំរះនូវធម្មចក្ខុ គឺបាននូវសោតាបតិ្តមគ្គ ជំរះនូវទិដិ្ឋ វិចិកិច្ឆា និងសីលព័ត ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តាហើយ ក៏បាត់ទៅចាកទីនោះឯង។
ចប់ កណ្ឋកវិមាន ទី៧។
ID: 636866340621216086
ទៅកាន់ទំព័រ៖