ព្រះត្រៃបិដក ភាគ ៥៥
នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺកិលេស មានព្រះទ័យថ្លា មិនល្អក់
ខ្ញុំមិនមានប្រាថ្នា គឺមិនបានប្រុងទុក ជ្រះថ្លាហើយ បានប្រមូលល្ងថ្វាយជាទាន ដល់ព្រះពុទ្ធជាទក្ខិណេយ្យបុគ្គលដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ តិលទក្ខិណវិមាន ទី១០។
ID: 636866135316383322
ទៅកាន់ទំព័រ៖