ព្រះត្រៃបិដក ភាគ ៥៥
នាងជាស្ត្រីមានយស បានមកកើតក្នុងសុគតិភពដោយហេតុអី្វ ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ផលនៃកម្មនេះ តើដូចម្តេច។
(ទេវតានោះតបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងកាលអម្បាញ់មិញ លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំនេះឯង ដើម្បីបិណ្ឌបាតក្នុងស្រុក ក្នុងកាលនោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅមួយកំណាត់ ដល់លោកម្ចាស់ ដោយបីតិថ្លឹងមិនបាន ក្រោយមក ម្តាយក្មេកខ្ញុំសួរដេញដោលថា ម្នាលស្ត្រីជាកូនចិញ្ចឹម នាងយកអំពៅទៅណាបាត់ ខ្ញុំមិនបានចោល មិនបានទំពាស៊ីទេ ខ្ញុំបានឲ្យដល់ភិក្ខុអ្នកមានចិត្តរម្ងាប់ដោយខ្លួនឯងទៅហើយ (បើដូច្នោះ) ផ្ទះនេះធំស្រេចនឹងនាង ឬស្រេចនឹងយើង ម្តាយក្មេកប្រទេចផ្តាសា ខ្ញុំដូច្នេះហើយ ក៏ចាប់យកតាំង មកប្រហារខ្ញុំ ខ្ញុំធ្វើមរណកាល ច្យុតចាកអត្តភាពនោះ បានមកកើតជាទេវតា អំពើជាកុសលនោះឯង ដែលខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផលជាសុខដោយខ្លួនឯង
ID: 636866274657053152
ទៅកាន់ទំព័រ៖