ព្រះត្រៃបិដក ភាគ ៥៥
ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និងអានុភាពរបស់ខ្ញុំ (កើតឡើង) ដោយកម្មណា បពិត្រព្រះអង្គទ្រង់ព្រះនាមបុរិន្ទទៈ សូមព្រះអង្គស្តាប់នូវកម្មនោះចុះ ខ្ញុំជាឧបាសិកា ឈ្មោះសុនន្ទា នៅក្នុងក្រុងរាជគ្រឹះ ជាទីត្រេកអរ ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទាន មានចិត្តជ្រះថ្លា បានឲ្យសំពត់សម្រាប់ស្លៀកដណ្តប់ផង ភត្តផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះពួកព្រះអរិយបុគ្គល អ្នកមានចិត្តត្រង់សព្វ ៗ កាល ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង បានសង្រួមក្នុងសីលទាំងឡាយផង វៀរចាកបាណាតិបាតផង សង្រួមចាកមុសាវាទផង ឆ្ងាយចាកការលួចផង ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) ផង ចាកការផឹកទឹកស្រវឹងផងសព្វ ៗ កាល ហើយត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសក្នុងអរិយសច្ចទាំងឡាយ ជាឧបាសិកានៃព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ឯត្រកូលនៃញាតិរបស់ខ្ញុំនោះ តែងយកកម្រងផ្កាមកឲ្យខ្ញុំសព្វៗកាល ខ្ញុំបានបូជាកម្រងផ្កានោះទាំងអស់ ចំពោះព្រះស្តូបនៃព្រះមានព្រះភាគ
ID: 636866285936278287
ទៅកាន់ទំព័រ៖