ព្រះត្រៃបិដក ភាគ ៥៥
សំឡេងគឹកកងនៃគ្រឿងប្រដាប់ទាំងឡាយនោះ ឮដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ ក៏កម្រើកដោយខ្យល់ សូរនៃគ្រឿងប្រដាប់ត្រចៀកទាំងនោះ ឮដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ កម្រងផ្កាណាឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយនៃចិត្ត (ក្លិនកម្រងផ្កានោះ) រមែងផ្សាយទៅសព្វទិស ហាក់ដូចដើមឪឡោក នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូបដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) ខ្ញុំបានបង្អោននូវកម្រងផ្កាអសោក មានរស្មីភ្លឺផ្លេក ប្រកបដោយពណ៌ និងក្លិន ចំពោះព្រះពុទ្ធ ខ្ញុំបានធ្វើនូវកុសលកម្មនោះ ដែលព្រះពុទ្ធ ទ្រង់សរសើរហើយ បានប្រាសចាកសេចកី្តសោក បានដល់នូវសេចកី្តសុខ មានចិត្តត្រេកអរព្រម។
ចប់ បារិច្ឆត្តកវិមាន ទី១០។
ឧទ្ទាន
និយាយអំពីឧឡារវិមាន ១ ឧច្ឆុវិមាន ១ បល្លង្កវិមាន ១ លតាវិមាន ១ គុតិ្តលវិមាន ១ ទទ្ទល្លវិមាន ១ សេសវតីវិមាន ១ មល្លិកាវិមាន ១ វិសាលក្ខិវិមាន ១ បារិច្ឆត្តកវិមាន ១ ព្រោះហេតុនោះ ទើបហៅថាវគ្គ។
ចប់ បារិច្ឆត្តកវគ្គ ទី៣។
ID: 636866286541262890
ទៅកាន់ទំព័រ៖