ព្រះត្រៃបិដក ភាគ ៥៥
នាគវិមាន ទី៣
[៤១] (ព្រះវង្គីសត្ថេរដ៏មានអាយុសួរថា) នាងប្រដាប់ខ្លួនហើយ ឡើងជិះដំរីប្រសើរ វិចិត្រដោយកែវមណី និងមាស បិទបាំងដោយបណ្តាញមាស ជាដំរីមាឌធំ ដែលបុញ្ញកម្មសម្រេចល្អហើយ (អង្គុយ) លើខ្នងដំរី ជាទីរីករាយមកឰដ៏អាកាសក្នុងទីនេះ ស្រះទាំងឡាយមានទឹកថ្លា មានគុម្ពឈូក មានផ្ការីកស្គុះស្គាយ ដែលបុញ្ញកម្មនិម្មិតហើយ ត្រង់ភ្លុកដំរីទាំងគូ ពួកតូរ្យតន្ត្រីប្រគំលើផ្កាឈូកទាំងឡាយ មានពួកស្រីកែវមនោហរាទាំងនេះក៏រាំ (លើផ្កាឈូកទាំងនោះ) ម្នាលនាងមានអានុភាពច្រើន នាងដល់នូវឫទ្ធិនៃទេវតា នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះផង ទាំងសម្បុររបស់នាង ក៏អាចញុំាងទិសទាំងពួងឲ្យភ្លឺបានផង តើដោយបុណ្យដូចម្តេច។
(ទេវតាឆ្លើយថា) ខ្ញុំបានចូលទៅក្នុងក្រុងពារាណសី បានថ្វាយសំពត់មួយគូដល់ព្រះពុទ្ធ ហើយថ្វាយបង្គំព្រះបាទា អង្គុយលើផែនដី មានចិត្តត្រេកអរ បានធ្វើនូវអញ្ជលីកម្មចំពោះព្រះអង្គ
ID: 636866287846167526
ទៅកាន់ទំព័រ៖