ព្រះត្រៃបិដក ភាគ ៥៥
វិហារវិមាន ទី៦
[៤៤] (ព្រះអនុរុទ្ធត្ថេរសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយនៃចិត្ត រមែងលាន់ឮអំពីអវយវៈតូចធំដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំដោយសព្វគ្រប់ កាលនាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយឰដ៏ផ្នួងសក់ ក៏ឮសូរគឹកកង ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ ក៏កំរើកដោយខ្យល់ ឮសូរគឹកកង ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ផ្កាកម្រងណាឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត (ក្លិននៃផ្កាកម្រងនោះ) រមែងផ្សាយទៅសព្វទិស ដូចដើមឪឡោក នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូប ដែលមិនមែនជារបស់មនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) បពិត្រព្រះអនុរុទ្ធដ៏ចំរើន (នាងវិសាខា) ជាសំឡាញ់របស់ខ្ញុំ បានឲ្យជាងធ្វើមហាវិហារ ទៀបក្រុងសាវត្ថី ឧទ្ទិសចំពោះព្រះសង្ឃ ខ្ញុំជ្រះថ្លារីករាយ ចំពោះវិហារនោះ
ID: 636866306369637008
ទៅកាន់ទំព័រ៖