ព្រះត្រៃបិដក ភាគ ៥៥
ព្រោះឃើញនូវផ្ទះ គឺវិហារ ជាទីស្រឡាញ់នេះ ទើបវិមានដែលខ្ញុំបានហើយ ដោយអនុមោទនាដ៏បរិសុទ្ធនោះឯង ជាវត្ថុអស្ចារ្យ គួររមិលមើល ក៏ខ្ពស់ទៅឰដ៏អាកាស អស់ ១៦ យោជន៍ជុំវិញ ដោយបុញ្ញឫទ្ធិនៃខ្ញុំ
ផ្ទះកំពូល ជាលំនៅរបស់ខ្ញុំ ដូចគេចែកដោយចំណែកស្មើគ្នា រុងរឿងភ្លឺទួទៅអស់ ១០០ យោជន៍ជុំវិញ ឯស្រះបោក្ខរណីទាំងឡាយរបស់ខ្ញុំក្នុងទីនេះ ដែលពួកត្រីទិព្វនៅអាស្រ័យហើយ មានទឹករងថ្លា ក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ឆ្លូកដោយឈូកសទាំងឡាយ មានក្លិនក្រអូប ជាទីគាប់ចិត្ត ដែលខ្យល់បក់ផ្សាយទៅ ដើមព្រីង ខ្នុរ ត្នោត ដូង ព្រៃ និងឈើផ្សេងទាំងឡាយ ដុះជិតលំនៅខាងក្នុង មិនបាច់ដាំឡើយ (វិមាននោះ) សឹងរងំដោយតូរ្យតន្ត្រីផ្សេងៗ គឹកកងដោយពួកស្ត្រីអប្សរ ទោះជនណាឃើញខ្ញុំក្នុងការយល់សបិ្ត ជននោះឯង គង់ត្រេកអរ វិមានបែបនេះ ជាទីអស្ចារ្យ គួររមិលមើល ភ្លឺព្រោងព្រាតដោយសព្វគ្រប់ កើតឡើងដោយបុញ្ញកម្មទាំងឡាយរបស់ខ្ញុំ បុគ្គលគួរធ្វើនូវបុណ្យទាំងឡាយ។
ID: 636866306595129906
ទៅកាន់ទំព័រ៖