ព្រះត្រៃបិដក ភាគ ៥៥
រេវតីវិមាន ទី២
[៥២] ពួកញាតិមិត្តនិងសំឡាញ់ តែងត្រេកអរសាទរចំពោះបុរសដែលព្រាត់គ្នា អស់កាលយូរ ហើយវិលមកអំពីទីឆ្ងាយដោយសួស្តីថា មកហើយដូច្នេះ យ៉ាងណា បុណ្យទាំងឡាយ រមែងទទួលបុគ្គលដែលបានធ្វើបុណ្យហើយ ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ដូចពួកញាតិទទួលញាតិជាទីស្រឡាញ់មកដល់យ៉ាងនោះដែរ
(យក្ខទាំងពីរនាក់និយាយថា) នែនាងរេវតីមានធម៌ដ៏លាមកពន់ពេក ជាស្រីឥតទាន ឥតសីល នាងចូរក្រោកឡើង ទ្វារនរកបើកហើយ ពួកសត្វនរក ជាសត្វទុគ៌តប្រកបដោយទុក្ខ យំថ្ងូរនៅក្នុងទីណា ពួកយើងនឹងនាំនាងទៅក្នុងទីនោះ លុះយក្ខមានភ្នែកក្រហម ធំសំបើមទាំងពីរ ជាទូតនៃយមរាជ បានពោលយ៉ាងនេះហើយ ក៏ចាប់នាងរេវតី ត្រង់ដើមដៃម្ខាងម្នាក់ ហើយនាំចូលទៅក្នុងសំណាក់នៃពួកទេវតា
(នាងរេវតីសួរថា) វិមានដែលមានសម្បុរដូចព្រះអាទិត្យដ៏រុងរឿង ភ្លឺផ្លេក សំបើមល្អ បិទបាំងដោយបណ្តាញមាស មានជនកុះករ ភ្លឺដូចរស្មីព្រះអាទិត្យនុ៎ះ តើជាវិមានអ្នកណា
ID: 636866312973344719
ទៅកាន់ទំព័រ៖