ព្រះត្រៃបិដក ភាគ ៥៥

​បានឃើញ​ភិក្ខុ​ដែល​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​មាន​ឥន្ទ្រិយ​ដ៏​ជ្រះថ្លា​មិន​ល្អក់​ ​ខ្ញុំ​ក៏​ជ្រះថ្លា​ ​បាន​ប្រគេន​ម្ជុល​ដល់​ភិក្ខុ​នោះ​ ​ដោយដៃ​របស់​ខ្លួន​ ​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​នោះ​ឯង​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ទុតិយ​សូ​ចិ​វិមាន​ ​ទី៩​។​


​នាគ​វិមាន​ ​ទី១០​


 [​៦០​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​អ្នក​ឡើងជិះ​ដំរី​ ​ដែល​មាន​ ​ក​ ​សល្អ​ ​ឥត​សៅម៉ង​ ​មាន​ភ្លុក​ ​មាន​កំឡាំង​ ​មានសន្ទុះ​ខ្លាំង​ ​គួរ​ឡើងជិះ​ ​ជា​ដំរី​ដ៏​ប្រសើរ​ ​ដែល​បុញ្ញ​ឫ​ទិ្ធ​តាក់តែង​ហើយដោយ​ប្រពៃ​ ​រីករាយ​ក្នុង​អាកាស​ ​មក​ក្នុង​ទីនេះ​ ​គុម្ព​ឈូក​ទាំងឡាយ​ ​ស្ថិតនៅ​ក្នុងទឹក​ថ្លា​ ​មាន​ផ្ការីក​ស្គុះស្គាយ​ល្អ​ ​ដែល​បុញ្ញឫទ្ធិ​និម្មិត​ហើយ​ ​លើ​ភ្លុក​ទាំងពីរ​នៃ​ដំរី​ ​ទាំង​ពួក​តូរ្យតន្ត្រី​ប្រគំ​នៅ​លើ​ផ្កាឈូក​ទាំងឡាយ​ ​ឯ​ពួក​ទេពអប្សរ​ទាំងនេះ​ ​គួរ​រីករាយ​ចិត្ត​ ​រាំ​ ​(​នៅ​លើ​ផ្កាឈូក​)​ ​អ្នក​បានសម្រេច​ទេវ​ឫ​ទិ្ធ​ ​មាន​អានុភាព​ច្រើន​ ​កាល​អ្នក​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើបុណ្យ​ដូចម្តេច​ ​អ្នកមាន​អានុភាព​ដ៏​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុញ្ញកម្ម​ដូចម្តេច​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636866318124199331
ទៅកាន់ទំព័រ៖