ព្រះត្រៃបិដក ភាគ ៥៥
(មិនត្រឹមតែប៉ុណ្ណោះសោត) ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនគ្រឿងក្រអូបផង កម្រងផ្កាផង បច្ច័យផង គ្រឿងលាបផង វិហារផង ដល់ព្រះសាស្តា ក្នុងស្រុកអន្ធកវិន្ទៈនោះ បានជាខ្ញុំបាននូវផលនៃបុណ្យនេះ ទើបខ្ញុំញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងព្រៃនន្ទនៈ ខ្ញុំរមែងត្រេកអរក្នុងព្រៃនន្ទនៈ ជាទីត្រេកអរដ៏ប្រសើរ ប្រកបដោយហ្វូងបក្សីផ្សេងៗ មានទាំងពួកស្រីអប្សរ អ្នករាំច្រៀងហែហម។
ចប់ សុវណ្ណវិមាន ទី៤។
អម្ពវិមាន ទី៥
[៧៩] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរជាវិការៈនៃកែវពិទូរ្យ ដែលក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលល្អ អ្នកឋិតនៅ ផឹកស៊ីក្នុងវិមាននោះផង ពិណជាទិព្វ លាន់ឮពីរោះផង កាមគុណទាំង ៥ មានរសជាទិព្វ ក្នុងវិមាននេះផង ពួកនារីប្រស់ព្រំដោយគ្រឿងមាស រាំ (ក្នុងវិមាននេះផង)
សម្បុររបស់អ្នក ប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអី្វ។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។
ID: 636866338112172577
ទៅកាន់ទំព័រ៖