ព្រះត្រៃបិដក ភាគ ៥៥
សេសវតីវិមាន ទី៧
[៣៥] (ព្រះវង្គីសត្ថេរពោលថា) អាត្មាបានឃើញវិមាននេះល្អ ដែលប្រក់ដោយសំណាញ់ ជាវិការៈនៃកែវផលិក និងប្រាក់ និងមាស មានដៃដ៏វិចិត្រដោយកែវផ្សេងៗ គួរឲ្យរីករាយដោយប្រពៃ ជាទីនៅដែលបុញ្ញកម្មនិមិ្មតល្អហើយ ប្រកបដោយក្លោងទ្វារ រោយរាយដោយខ្សាច់មាស ជាវិមានដ៏ល្អ ព្រះអាទិត្យឰដ៏អាកាស មានរស្មី ១ ពាន់ កំចាត់បង់នូវងងឹតក្នុងសរទកាល ញុំាងទិសទាំង ១០ ឲ្យភ្លឺ (យ៉ាងណាមិញ) វិមានរបស់នាងនេះ ក៏រុងរឿងយ៉ាងនោះដែរ វិមាននេះ ជាទីគាប់ចិត្ត តាំងនៅឰដ៏អាកាស ចាំងភ្នែក ដូចជាអណ្តាតភ្លើង រុងរឿងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរ ក្នុងទីបំផុតនៃពពក កងរំពងដោយសំឡេងពិណ សំភោរ ស្គរ រគាំង វិមានរបស់នាងនេះ ដូចជាបូរីរបស់ព្រះឥន្ទដ៏ស្តុកស្តម្ភ ទាំងឈូកស កុមុទ ឧប្បលក្រហម ឧប្បលខៀវ មានទាំងផ្កាយុថកា ផ្កាច្បារ ផ្កាននោង ផ្កាសាលព្រឹក្ស ផ្កាអសោក សឹងរីកស្គុះស្គាយ វិមាននេះ ប្រស់ព្រំដោយក្លិនក្រអូបនៃឈើដ៏ឧត្តមផ្សេងៗ
ID: 636866283432955105
ទៅកាន់ទំព័រ៖