ព្រះត្រៃបិដក ភាគ ៥៥
មល្លិកាវិមាន ទី៨
[៣៦] (នារទត្ថេរសួរថា) ម្នាលនាងមានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងអលង្ការលឿង នាងបើទុកជាមិនប្រដាប់ដោយសំពត់ស្លៀកមានពណ៌លឿងទាំងឡាយមានសាច់ដ៏ល្អិតក៏ដោយ ក៏នៅតែល្អ ម្នាលនាងអ្នកទ្រទ្រង់នូវគ្រឿងប្រដាប់ដៃ ជាវិការៈនៃមាស ស្អិតស្អាងដោយក្រវឹល ជាវិការៈនៃមាស ពាសពេញដោយបណ្តាញ ជាវិការៈនៃមាស នាងជាអី្វ នាងមានកម្រងកែវផ្សេងៗ
កម្រងជាវិការៈនៃមាសផង ជាវិការៈនៃកែវមណី មានពណ៌ក្រហមផង ជាវិការៈនៃកែវមុក្តាផង ជាវិការៈនៃកែវពិទូរ្យផង កែវពព្រុសផង មួយអន្លើដោយកែវមានពណ៌ក្រហមផង ដ៏វិចិត្រដោយកែវទាំងឡាយ ប្រាកដស្មើដោយភ្នែកព្រាប បណ្តាកម្រងទាំងនុ៎ះ កម្រងមួយៗ មានសូរពីរោះដូចសម្លេងក្ងោក ដូចសម្លេងរាជហង្ស (ឬ) ពីរោះដូចសម្លេងករវិក សូរកម្រងទាំងនោះ មានភាពពីរោះ ឮហាក់ដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលគេប្រគំហើយ ទាំងរថរបស់នាង ក៏មានសភាពស្អាតល្អ មានអវយវៈដ៏វិចិត្រហើយដោយកែវផ្សេងៗ ដែលជាងចាត់ចែងហើយដោយធាតុ
(១) ទាំងឡាយ មានពណ៌ផ្សេងៗ សមល្អ
(១) ដោយសម្ភារៈ មានទ្រពង និងចន្ទោលជាដើម។ អដ្ឋកថា។
ID: 636866285119251556
ទៅកាន់ទំព័រ៖