ព្រះត្រៃបិដក ភាគ ៥៥
ព្រោះហេតុនោះ បុគ្គលអ្នកប្រាថ្នានូវគុណ គឺសេចកី្តល្អ ដល់ខ្លួន ប្រាថ្នានូវភាពនៃផលដ៏ធំ គប្បីឲ្យនូវអាសនៈដល់ព្រះខីណាស្រព ដែលទ្រទ្រង់នូវសរីរៈ ជាទីបំផុតចុះ។
ចប់ កុញ្ជរវិមាន ទី៥។
នាវាវិមាន ទី៦
[៦] (ព្រះមោគ្គល្លានសួរថា) ម្នាលនារី នាងឡើងឋិតនៅលើទូក ដែលមានដំបូលជាវិការៈនៃមាស ហើយចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿងដោយជុំវិញក្នុងទិសទាំង ៤ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ID: 636866132276089427
ទៅកាន់ទំព័រ៖