ព្រះត្រៃបិដក ភាគ ៥៦
បុគ្គលក្មេងក្ដី កំឡោះក្ដី ដែលមានទ្រព្យតិច តែងទទួលទុក្ខ ព្រោះតែសន្សំបាបដោយការលេង ជាបុគ្គលមានចំណែកនៃភាពជាអ្នកអាក្រាត អ្វីដែលដល់នូវទុក្ខយ៉ាងធ្ងន់ ជាងភាពអាក្រាតនោះ របស់ប្រេតនោះ។ បពិត្រលោកដ៏ចំរើន ខ្ញុំឃើញប្រេតនោះ គួរឲ្យកើតសង្វេគ ទើបឲ្យទាន ព្រោះសង្វេគនោះជាបច្ច័យ បពិត្រលោកដ៏ចំរើន សូមលោកទទួលសំពត់ទាំង ៨ គូចុះ ទក្ខិណាទាន (ដែលខ្ញុំប្រគេនហើយ) នេះ សូមឲ្យបានសម្រេចដល់យក្សចុះ។
(ព្រះថេរៈតបថា) ការមិនចេះអស់ ចូរមានដល់ព្រះអង្គ កាលឲ្យទាន ដែលអ្នកប្រាជ្ញមានព្រះពុទ្ធជាដើម ទ្រង់សរសើរហើយ ដោយប្រការដ៏ច្រើនដោយពិត ឯអាត្មានឹងទទួលសំពត់របស់ព្រះអង្គទាំង ៨ គូ សូមទក្ខិណាទានសម្រេចដល់យក្សចុះ។
លំដាប់នោះឯង ស្ដេចលិច្ឆវីនោះ ក៏ជំរះសំអាត ហើយប្រគេនសំពត់ ៨ គូដល់ព្រះថេរៈ ព្រះថេរៈបានទទួលសំពត់ ៨ គូនោះហើយ ស្ដេចលិច្ឆវី បានឃើញនូវយក្សស្លៀកដណ្ដប់សំពត់។
ID: 636866429724432499
ទៅកាន់ទំព័រ៖