ព្រះត្រៃបិដក ភាគ ៥៦
[៧] ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់ព្រៃត្រជាក់ ជាអ្នកសន្តោស មានចិត្តខ្ជាប់ខ្ជួន មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។
ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។
[៨] បុគ្គលណា កំចាត់បង់នូវសេនានៃមច្ចុរាជ ដូចជាជំនន់ដ៏ធំ កំចាត់បង់នូវស្ពានបបុស ដែលមានកំឡាំងថយ ជាអ្នកមានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត បុគ្គលនោះ ឈ្មោះថាមានឥន្ទ្រិយទូន្មានហើយ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។
ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។
[៩] ភិក្ខុណា ដែលគេទូន្មានបានដោយក្រ តែបានទូន្មានខ្លួនឯង ដោយការទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្តសន្តោស ឆ្លងផុតសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម ភិក្ខុនោះ ប្រាសចាករាគៈ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។
វីរត្ថេរ។
ID: 636866441751650416
ទៅកាន់ទំព័រ៖