ព្រះត្រៃបិដក ភាគ ៥៦
[២៦] ផលចិត្តដ៏ប្រសើរ ដែលកើតដោយពន្លឺ (នៃវិញ្ញាណ) របស់ខីណាសវភិក្ខុណា អ្នកជាមារ មានចិត្តអាក្រក់
(១) តែងជ្រែកនូវខីណាសវភិក្ខុនោះ ហើយដល់នូវសេចក្តីទុក្ខរឿយៗ។
នន្ទិយត្ថេរ។
[២៧] ខ្ញុំបានស្តាប់ព្រះវាចា ជាសុភាសិតរបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុហើយ បានត្រាស់ដឹងនូវអរិយសច្ចធម៌ដ៏ល្អិត (ដូចខ្មាន់ធ្នូ ជាអ្នកឈ្លាស) បាញ់ចុងរោមកន្ទុយ (នៃចៀម) ដោយព្រួញបាន។
អភយត្ថេរ។
[២៨] កាលខ្ញុំចំរើនវិវេកធម៌ ក៏កំចាត់បង់ស្មៅចិញ្ចៀន ស្បូវ គុម្ពឈើមានបន្លា ស្បូវរណ្តាស ស្មៅដំណេកទន្សាយ និងស្មៅយ៉ាប្លង គឺកិលេសគ្រោតគ្រាត កណ្តាល ល្អិត ដោយទ្រូង គឺសេចក្តីព្យាយាមបាន។
លោមសកង្គិយត្ថេរ។
[២៩] អ្នកមិនខ្វល់ខ្វាយចំពោះសំពត់ទេឬ មិនត្រេកអរចំពោះការស្អិតស្អាងទេឬ អ្នកផ្សាយក្លិនសម្រេចអំពីសីលធម៌ឬ ដ្បិតពួកសត្វក្រៅអំពីនេះ មិនផ្សាយ (ក្លិនដូច្នោះទេ)។
ជម្ពុគាមិកបុត្តត្ថេរ។
(១) ក្នុងបាលី ប្រើពាក្យថា កណ្ហៈ គឺជាឈ្មោះរបស់មារ ហេតុនោះ ក្នុងទីនេះ ទើបប្រែថា មារ មានចិត្តអាក្រក់ ឬចិត្តខ្មៅ ក៏បាន។ អដ្ឋកថា។
ID: 636866445224199035
ទៅកាន់ទំព័រ៖