ព្រះត្រៃបិដក ភាគ ៥៦
[៩៥] សូមនមស្ការ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាសក្យបុត្តមានសិរី ព្រះធម៌ដ៏ប្រសើរនេះ ព្រះពុទ្ធដល់នូវធម៌ដ៏ប្រសើរនោះ ទ្រង់សំដែងទុកល្អហើយ។
មេត្តជិត្ថេរ។
[៩៦] ខ្ញុំជាមនុស្សខ្វាក់ មានភ្នែកដែលទោសកំចាត់បង់ហើយ ទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ទោះបីកាលដេក ក៏ខ្ញុំមិនទៅជាមួយនឹងសំឡាញ់ជាបាបមិត្តទេ។
ចក្ខុបាលត្ថេរ។
[៩៧] ខ្ញុំបានបូជាផ្កាមួយ រួចក៏បានឲ្យគេបំរើក្នុងឋានសួគ៌អស់ ៨០ កោដិឆ្នាំ (រាប់ដោយឆ្នាំមនុស្ស) ខ្ញុំរលត់ទុក្ខដោយផលនៃកម្មដ៏សេសសល់។
ខណ្ឌសុមនត្ថេរ។
[៩៨] ខ្ញុំលះភាជន៍សំរិទ្ធិដែលមានក្បាច់ ១០០ស្រទាប់ និងភាជន៍មាស មានចម្លាក់ ១០០ ជាន់ ហើយត្រឡប់មកកាន់យកបាត្រដីវិញ ការចូលកាន់ផ្នួសរបស់ខ្ញុំនេះ ឈ្មោះថាជាការអភិសេកទីពីរ។
តិស្សត្ថេរ។
ID: 636866456167914980
ទៅកាន់ទំព័រ៖