ព្រះត្រៃបិដក ភាគ ៥៦
ឆ្លុះមើលរាងកាយនេះទាំងអស់ ទាំងខាងក្នុង ទាំងខាងក្រៅ កាយប្រាកដជារបស់ទទេ ទាំងខាងក្នុង ទាំងខាងក្រៅ។
បុណ្ណមាសត្ថេរ។
[១៤៨] គោអាជានេយ្យដ៏ចំរើន ភ្លាត់ហើយ រមែងឈរស៊ប់ឡើងវិញ ទោះបីបាននូវសេចក្ដីតក់ស្លុត ក៏ជាសត្វមានចិត្តមិនរួញរា រមែងនាំនូវធុរៈទៅបាន យ៉ាងណាមិញ អ្នកទាំងឡាយ សូមជ្រាបនូវខ្ញុំ ថាជាអាជានេយ្យ បរិបូណ៌ដោយទស្សនៈ ជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាបុត្ត ជាឱរសរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ។
នន្ទកត្ថេរ។
[១៤៩] ម្នាលនន្ទកៈ អ្នកចូរមក យើងនឹងទៅកាន់សំណាក់នៃព្រះឧបជ្ឈាយ៍ នឹងបន្លឺឡើងនូវសីហនាទ ក្នុងទីចំពោះព្រះភក្រ្ដនៃព្រះពុទ្ធដ៏ប្រសើរ។ ព្រះពុទ្ធជាមុនី ទ្រង់បំបួសយើងដោយសេចក្ដីអនុគ្រោះយើង ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ យើងបានដល់ហើយ ការអស់ទៅនៃសំយោជនៈទាំងពួង (យើងក៏បានដល់ហើយ)។
ភារតត្ថេរ។
[១៥០] ពួកអ្នកប្រាជ្ញប្រកបដោយប្រាជ្ញា ជាអ្នកឈ្នះសង្គ្រាម គឺកិលេស ឈ្នះមារ ព្រមទាំងវាហនៈរបស់មារ តែងបន្លឺឡើងយ៉ាងនេះ ដូចជាសីហៈបន្លឺលើកំពូលភ្នំ។
ID: 636866478716344676
ទៅកាន់ទំព័រ៖