ព្រះត្រៃបិដក ភាគ ៥៦
[១៧៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) នរៈ គឺយសោជត្ថេរនេះ មានអវយវៈប្រាកដស្មើដោយថ្នាំងនៃវល្លិ៍ មានខ្លួនស្គមរវីមរវាមដោយសរសៃ ដឹងប្រមាណក្នុងបាយ និងទឹក ជាអ្នកមានចិត្តមិនរួញរា។
យសោជត្ថេរពោលថា ភិក្ខុ (នៅ) ក្នុងព្រៃតូច ឬព្រៃធំ បើទុកជាសត្វរបោម និងមូសខាំហើយ ក៏គប្បីជាអ្នកមានស្មារតី អត់ទ្រាំចំពោះអន្ដរាយ មានរបោមជាដើម ក្នុងព្រៃនោះ ដូចដំរីដ៏ប្រសើរ អត់ទ្រាំក្នុងទីជាប្រធាននៃសង្គ្រាម។ ភិក្ខុតែម្នាក់ឯង (រមែងនៅជាសុខ) ដូចគ្នានឹងព្រហ្ម ភិក្ខុនៅរួមគ្នាពីររូប (រមែងមានសេចក្ដីខ្ទាំងខ្ទប់) ដូចគ្នានឹងទេវតា ភិក្ខុ (នៅរួមគ្នា) ៣ រូប ដូចគ្នានឹងជនអ្នកស្រុក ភិក្ខុមានចំនួនច្រើនរូបលើសពីនោះទៅ ជាហេតុនាំឲ្យជ្រួលជ្រើម (ដូចគ្នានឹងពួកមហាជនដែលប្រជុំគ្នា)។
យសោជត្ថេរ។
[១៨០] សទ្ធារបស់អ្នក មានក្នុងកាលមុន ប៉ុន្ដែក្នុងថ្ងៃនេះ សទ្ធានោះ បែរជាមិនមានដល់អ្នកវិញ បច្ច័យណា ដែលជារបស់អ្នក បច្ច័យនោះ ចូរជារបស់អ្នកវិញចុះ ទុច្ចរិត មិនមានដល់អាត្មាទេ។ ព្រោះថា សទ្ធា (របស់បុថុជ្ជន) ជាធម្មជាតិឃ្លេងឃ្លោង មិនទៀង សទ្ធាយ៉ាងនេះ អាត្មាបានឃើញជាក់ច្បាស់ហើយ
ID: 636866485318592303
ទៅកាន់ទំព័រ៖