ព្រះត្រៃបិដក ភាគ ៥៦

បុគ្គល​នោះ​ ​ឈ្មោះថា​ពាល​ ​រមែង​បាន​នូវ​ទុក្ខ​ ​ព្រោះ​ការចាត់ចែង​មិនមែន​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​។​ ​ប្រយោជន៍​ទាំងឡាយ​របស់​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ ​ដូច​ព្រះចន្ទ្រ​ក្នុង​កាឡបក្ខ​ ​បុគ្គល​នោះ​ ​រមែង​ដល់​នូវ​ភាពជា​អ្នក​មិន​មានយស​ផង​ ​បែក​ចាក​ពួក​មិត្រ​ផង​។​ ​បុគ្គល​ណា​ ​សន្សឹម​ក្នុង​កាលដែល​គួរ​សន្សឹម​ ​ប្រញាប់​ប្រញាល់​ក្នុង​កាលដែល​គួរ​ប្រញាប់​ប្រញាល់​ ​បុគ្គល​នោះ​ ​ឈ្មោះថា​បណ្ឌិត​ ​រមែង​បាន​សេចក្ដីសុខ​ ​ព្រោះ​ការចាត់ចែង​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​។​ ​ប្រយោជន៍​របស់​បុគ្គល​នោះ​ ​រមែង​ពេញ​បរិបូណ៌​ ​ដូចជា​ព្រះចន្ទ្រ​ក្នុង​សុក្កបក្ខ​ ​បុគ្គល​នោះ​ ​រមែង​ដល់​នូវ​យស​ ​និង​កេរ្ដិ៍​ឈ្មោះ​ផង​ ​មិន​បែក​ចាក​ពួក​មិត្រ​ផង​។​

​សម្ភូត​ត្ថេ​រ​។​


 [​១៩៤​]​ ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ស្គាល់​ច្បាស់​នូវ​អាត្មាអញ​ ​ថា​រាហុល​ដ៏​ចំរើន​ ​ជា​អ្នក​ប្រកបដោយ​គុណ​ទាំងពីរ​យ៉ាងគឺ​ ​ជាតិ​ ​និង​ប្រតិបត្តិ​ ​ព្រោះ​អាត្មាអញ​ ​ជា​កូន​នៃ​ព្រះពុទ្ធ​ផង​ ​ជា​អ្នកមាន​បញ្ញាចក្ខុ​ក្នុង​ធម៌​ទាំងឡាយ​ផង​ ​អាសវៈ​របស់​អាត្មាអញ​អស់ហើយ​ផង​ ​ភព​ថ្មីទៀត​ ​អាត្មាអញ​មិន​មាន​ផង​ ​អាត្មាអញ​ ​ជា​ព្រះអរហន្ត​ ​គួរ​ដល់​ទក្ខិណា​ ​មាន​វិជ្ជា​ ​៣​ ​ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ​។​ ​សត្វ​ទាំងឡាយ​ ​ជា​អ្នក​ងងឹត​ព្រោះ​កាម​ ​ត្រូវ​បណ្ដាញ​រួបរឹត​ហើយ​ ​ត្រូវ​ដំបូល​ ​គឺ​តណ្ហា​បិទបាំង​ហើយ​ ​ត្រូវ​មារ​ចង​ហើយ​ ​ដូច​ត្រី​ជាប់​នៅក្នុង​មាត់​លប​ដូច្នោះ​។​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636866490315938135
ទៅកាន់ទំព័រ៖