ព្រះត្រៃបិដក ភាគ ៥៦
ការដែលរស់នៅដោយលំបាក អាត្មាអញបានដកចោលហើយ បើបុគ្គលណា លះបង់ធម៌យ៉ាងឯក គឺអប្បមាទ បុគ្គលនោះ ទុកដូចជាមនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះបង់នូវឥន្ទ្រិយទាំងអស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូចជាមនុស្សខ្វាក់ ព្រោះមិនឃើញនូវរបស់ដែលស្មើគ្នា និងមិនស្មើគ្នា។
ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះតែអំពើនោះ មិនធ្វើនូវអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងនូវបុគ្គលអ្នកមិនធ្វើ បានតែនិយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមានក្លិនក្រអូបយ៉ាងណា វាចាជាសុភាសិត រមែងឥតផល ដល់បុគ្គលអ្នកមិនធ្វើតាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ ប្រកបដោយក្លិនក្រអូប យ៉ាងណា វាចាជាសុភាសិត រមែងមានផលដល់បុគ្គលអ្នកធ្វើតាម ក៏យ៉ាងនោះដែរ។
សុភូតត្ថេរ។
[២០១] ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។
ID: 636866493269227053
ទៅកាន់ទំព័រ៖