ព្រះត្រៃបិដក ភាគ ៥៦
នាងទំនងជាមិនមានសេចក្ដីស្រឡាញ់ចំពោះអាត្មាដោយពិត ព្រៃ (មានអវិជ្ជាជាដើម) មិនមាន (ក្នុងសន្ដានរបស់នាង) ទេ។ សេចក្ដីទុក្ខ មានទីបំផុតជុំវិញ អាត្មាបានធ្វើហើយ រាងកាយនេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈមិនមាន ឥឡូវនេះ ភពថ្មីមិនមានទេ។
វឌ្ឍត្ថេរ។
[២០៤] អាត្មាអញបានស្ដាប់ធម៌របស់ព្រះពុទ្ធណា ហើយវៀរបង់មិច្ឆាទិដ្ឋិ ព្រះពុទ្ធនោះ យាងមកហើយកាន់ស្ទឹងនេរញ្ជរា ដើម្បីប្រយោជន៍ដល់អញមែនពិត។ អាត្មាអញ បានបូជាយ័ញ្ញទាំងឡាយខ្ពស់ និងទាប បានបូជាភ្លើង កាលនៅជាបុថុជ្ជន ងងឹតងងល់ សំគាល់ថា ការបូជានេះឯង ជាសេចក្ដីបរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដីស្ទាបអង្អែល (ខុស) ឲ្យដល់នូវសេចក្ដីវង្វេង ងងឹតមិនដឹង សំគាល់ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវបរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលុះទំលាយហើយ អាត្មាអញបូជាភ្លើង គឺព្រះសម្មាសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គល ថ្វាយបង្គំនូវព្រះតថាគត។ មោហៈទាំងពួង អាត្មាអញបានលះបង់ហើយ ភវតណ្ហា អាត្មាអញបានទំលុះទំលាយចេញហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតនៃអាត្មាអញមិនមានទេ។
នទីកស្សបត្ថេរ។
ID: 636866494070102861
ទៅកាន់ទំព័រ៖