ព្រះត្រៃបិដក ភាគ ៥៦
(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គមានបីតិ និងសុខៈបរិបូណ៌ផ្សាយទៅកាន់រាងកាយ ហើយអត់សង្កត់នូវអារម្មណ៍ដ៏សៅហ្មង ទាំងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌ដោយឈានដ៏សុខុម ជាអ្នកមិនមានអាសវៈ។ ខ្ញុំព្រះអង្គបានពិចារណាឃើញចិត្តដ៏ស្អាត ផុតស្រឡះចាកកិលេស ជាចិត្តមិនល្អក់រឿយៗ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោតហើយដល់ខ្ញុំព្រះអង្គ អាសវៈទាំងអស់នោះ ខ្ញុំព្រះអង្គបានផ្ដាច់ផ្ដិលមិនឲ្យសេសសល់ មិនកើតទៅទៀតបានទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គកំណត់ដឹងហើយ ខ្ញុំព្រះអង្គកាត់ឫសគល់ដាច់ហើយ ខ្ញុំព្រះអង្គបានដល់នូវការអស់ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមានទៀតទេ។
ន្ហាតកមុនិត្ថេរ។
[២២២] បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មានចិត្តរួចចាកអាសវៈ ព្រោះដឹងដោយប្រពៃ មានចិត្តស្ងប់ចាកកិលេល មិនញាប់ញ័រ ដោយលោកធម៌ នឹងមានសេចក្ដីក្រោធពីណា។ បុគ្គលណាខឹងតបចំពោះបុគ្គលដែលខឹង បុគ្គលនោះ នឹងមានសេចក្ដីអាក្រក់ ព្រោះតែការខឹងតបនោះ បុគ្គលមិនខឹងតបនឹងបុគ្គលដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាមដែលគេឈ្នះបានដោយក្រ។
ID: 636866498870257414
ទៅកាន់ទំព័រ៖