ព្រះត្រៃបិដក ភាគ ៥៦
ត្រូវជរាបិទបាំងហើយ ជាសត្វឥតមានទីពឹង តែងលំបាកជានិច្ច ដូចជាមនុស្សអ្នកធ្វើកំហុសនោះដែលមានអាជ្ញាសំរេចហើយ។ មច្ចុ ព្យាធិ និងជរា ទាំង ៣ នេះ ដូចជាគំនរភ្លើងកំពុងរាលមក កំឡាំងដើម្បីទប់ទល់មិនមាន សន្ទុះសម្រាប់រត់ចេញ ក៏មិនមាន។ បុគ្គលគប្បីធ្វើថ្ងៃ កុំឲ្យឥតអំពើ ដោយកិច្ចតិចក្ដី ច្រើនក្ដី រាត្រីរមែងអស់ទៅយ៉ាងណា ៗ ជីវិតរបស់បុគ្គលនោះ រមែងថយទៅយ៉ាងនោះ ៗ ដែរ។ រាត្រីខាងក្រោយរបស់បុគ្គលអ្នកដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែងកង្ខើញចូលមកជិត កាលនេះ មិនមែនជាកាលគួរអ្នកប្រមាទទេ។
សិរិមណ្ឌត្ថេរ។
[២២៤] កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយសាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុមិនស្អាត) ចេញតាមទ្វារនោះ ៗ ដែលមនុស្សខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាទីត្រេកអរនៃចិត្ត តែងបៀតបៀនបុថុជ្ជន ដូចអ្នកនេសាទធ្វើវត្ថុឲ្យកំបាំងហើយ (ចាប់) ម្រឹគដោយគ្រឿងចង
(១) (ចាប់) ត្រីដោយសន្ទូច (ចាប់) ស្វាដោយជ័រ កាមគុណទាំង ៥ នេះឯង តែងប្រាកដក្នុងរូបនៃស្រី។
(១) មានអន្ទាក់ និងបង្កាត់ជាដើម។
ID: 636866499525324882
ទៅកាន់ទំព័រ៖