ព្រះត្រៃបិដក ភាគ ៥៦
ពួកបុថុជ្ជនណា មានចិត្តត្រេកអរ ហើយចូលទៅគប់រកស្រីទាំងនុ៎ះ ពួកបុថុជ្ជននោះ ឈ្មោះថា ធ្វើសង្សារវដ្ដ ដែលមានទុក្ខដ៏ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះថា សន្សំនូវភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញចាកស្រីទាំងនុ៎ះបាន ដូចគេជៀសវាងក្បាលពស់ដោយជើង បុគ្គលនោះ ឈ្មោះថា ជាអ្នកមានស្មារតី ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅក្នុងលោកនេះបាន។ ខ្ញុំឃើញទោសក្នុងកាមទាំងឡាយ ឃើញការចាកចេញកាម ដោយក្សេមក្សាន្ដ រលាស់ចេញចាកកាមទាំងអស់ បានដល់នូវការអស់អាសវៈហើយ។
សព្វកាមត្ថេរ។
ឧទ្ទាន
និយាយអំពីឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុងឆក្កនិបាតនេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។
ចប់ ឆក្កនិបាត។
ID: 636866499853143632
ទៅកាន់ទំព័រ៖