ព្រះត្រៃបិដក ភាគ ៥៦
សូមលោកឃើញនូវវិបាកនៃសំពត់ប្រមាណប៉ុនបាតដៃ ប្រាកដដូចម្តេច បពិត្រលោកម្ចាស់ដ៏ចំរើន សំពត់សម្រាប់ស្លៀកពាក់ ក្នុងដែននៃស្តេចនន្ទៈអម្បាលមាណ សំពត់ស្លៀក និងសំពត់ដណ្តប់ផង សំពត់កោសេយ្យៈ និងសំពត់កម្ពលផង សំពត់ត្បាញអំពីសម្បកឈើ និងសំពត់ដែលត្បាញអំពីកប្បាសផង ដ៏ធំទូលាយ មានដំឡៃច្រើនរបស់ខ្ញុំ ច្រើនជាងសំពត់ ក្នុងដែននន្ទរាជនោះ សំពត់ទាំងអស់នោះ តែងសំយុងចុះមកអំពីអាកាស សំពត់ណា ដែលជាទីពេញចិត្ត ខ្ញុំក៏ស្លៀកពាក់នូវសំពត់នោះ សូមលោកឃើញនូវវិបាកនៃទឹកផឹកប្រមាណមួយផ្តិល ប្រាកដដូចម្តេច។ ស្រះបោក្ខរណីដ៏ជ្រៅ មានជ្រុង ៤ ដែលបុញ្ញកម្មនិម្មិតល្អហើយ មានទឹកថ្លា មានកំពង់រាបស្មើ មានទឹកត្រជាក់ មានក្លិនក្រអូបដេរដាសដោយផ្កាបទុម និងឧប្បល ពេញដោយទឹកដ៏ដេរដាសដោយកេសរ។ ខ្ញុំនោះ រីករាយ លេងសប្បាយ ឥតមានភ័យពីទីណាៗ ឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំមកដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយសេចក្តីករុណាក្នុងលោក។
ចប់ រឿងសំសារមោចកប្រេត ទី១។
ID: 636866404997648208
ទៅកាន់ទំព័រ៖