ព្រះត្រៃបិដក ភាគ ៥៦
មាត់របស់ខ្ញុំ មានក្លិនស្អុយ ព្រោះតែពោលពាក្យញុះញង់។ បពិត្រព្រះនារទៈ អំពើនោះ លោកម្ចាស់បានឃើញខ្លួនឯងស្រាប់ហើយ អ្នកឈ្លាសទាំងឡាយ ជាអ្នកអនុគ្រោះ គប្បីពោលថា អ្នកកុំពោលពាក្យញុះញង់ កុំពោលពាក្យកុហក ទើបអ្នកនឹងបានជាទេវបុត្រ មានកាមតាមសេចក្ដីប្រាថ្នា។
ចប់ រឿងបូតិមុខប្រេត ទី៣។
រឿងបិដ្ឋធីតលិកប្រេត ទី៤
[៤] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) បុគ្គលមិនមានសេចក្ដីកំណាញ់ គួរធ្វើនូវហេតុណានីមួយ ឲ្យជាអារម្មណ៍ ហើយគប្បីឲ្យទាន គឺប្រារព្វនូវបុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលរំលាងខន្ធទៅកាន់បរលោកហើយ ឬនូវទេតាទាំងឡាយ ដែលអាស្រ័យនៅក្នុងទីទាំងឡាយ មានទីផ្ទះជាដើម នូវស្ដេចធំទាំង ៤ ដែលរក្សាលោក ជាអ្នកមានយសបរិវារ គឺព្រះបាទកុវេរៈ ធតរដ្ឋៈ ១ វិរូបក្ខៈ ១ វិរុឡ្ហកៈ ១ ហើយឲ្យនូវទានចុះ ជនទាំងឡាយ មានស្ដេចធំជាដើមនោះ ឈ្មោះថា ជាបុគ្គល គឺទាយកនោះ បានបូជាហើយ ឯអ្នកឲ្យ មិនមែនជាមិនមានផលឡើយ។ ការយំក្ដី សោកសៅក្ដី ខ្សឹកខ្សួលណាដទៃក្ដី បុគ្គលមិនគប្បីធ្វើទេ កិច្ច មានយំសោកជាដើមនោះ មិនជាប្រយោជន៍ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹង បានឮឡើយ )។
ID: 636866398713348766
ទៅកាន់ទំព័រ៖