ព្រះត្រៃបិដក ភាគ ៥៦
នាងចូរបន្ទោបង់នូវមន្ទិល គឺសេចក្ដីកំណាញ់ ព្រមទាំងឫសគល់ចេញ ដែលគេនិន្ទាមិនបាន ចូរទៅកាន់ស្ថានសួគ៌។
ចប់ រឿងនាងមត្តាប្រេត ទី៣។
រឿងនន្ទាប្រេត ទី៤
[១៦] (នន្ទសេនជាស្វាមី សួរថា) នាងជាស្រីមានខ្លួនខ្មៅ មានរូបអាក្រក់គ្រោតគ្រាត មើលគួរខ្លាច មានភ្នែកលឿង មានធ្មេញរង្វើល យើងមិនសំគាល់ថា នាងជាស្រីមនុស្សទេ។
(នាងប្រេត តបថា) ម្នាលនន្ទសេន ខ្ញុំឈ្មោះនន្ទា ជាភរិយារបស់អ្នកក្នុងកាលមុន បានធ្វើអំពើអាក្រក់ ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក។
ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយកាយ វាចា ចិត្តនោះ តើដូចម្ដេចខ្លះ នាងទៅអំពីមនុស្សលោកនេះ កាន់បេតលោកដោយវិបាកនៃកម្មដូចម្ដេចខ្លះ។
ខ្ញុំជាស្រីកំណាចផង មានវាចាអាក្រក់ផង ឥតមានសេចក្ដីគោរពចំពោះអ្នកផង ខ្ញុំពោលពាក្យអាក្រក់ចំពោះអ្នក ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក។
បើដូច្នោះ យើងនឹងឲ្យសំពត់បង់កដល់នាង ចូរនាងស្លៀកសំពត់នេះចុះ លុះនាងស្លៀកសំពត់នេះហើយ ចូរចូលមក យើងនឹងនាំនាងទៅផ្ទះ
ID: 636866408047052624
ទៅកាន់ទំព័រ៖