ព្រះត្រៃបិដក ភាគ ៥៦
យើងនោះ មានសរ គឺសេចក្ដីសោកបានដកចេញហើយ ជាអ្នកត្រជាក់ហើយ មានទុក្ខរំលត់ហើយ។ យើងលែងសោក លែងយំហើយ ព្រោះបានស្ដាប់ភាសិតរបស់អ្នក ជនទាំងឡាយណា ប្រកបដោយបញ្ញា ជាអ្នកអនុគ្រោះ ជនទាំងនោះ ធ្វើយ៉ាងនេះ ឃដបណ្ឌិត បានញុំាងបងច្បងឲ្យត្រឡប់ចាកសេចក្ដីសោក អាមាត្យទាំងឡាយ ដែលជាអ្នកបំរើរបស់ព្រះរាជាអង្គណា ក៏រមែងប្រាកដដូច្នោះ ដូចជាឃដបណ្ឌិត បានញុំាងបងច្បងឲ្យប្រព្រឹត្តទៅតាមសុភាសិត។
ចប់ រឿងកណ្ហប្រេត ទី៦។
រឿងធនបាលប្រេត ទី៧
[១៩] (ពួកពាណិជសួរថា) អ្នកជាបុគ្គលអាក្រាត មានរូបមានសម្បុរអាក្រក់ ស្គាំងស្គម រវាមដោយសរសៃ មានឆ្អឹងជំនីររគាម ស្គម ម្នាលអ្នកនិទ៌ុក្ខ ចុះអ្នកជាអ្វី។
(ប្រេតតបថា) បពិត្រអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ព្រោះធ្វើអំពើអាក្រក់ ទើបទៅអំពីមនុស្សលោកនេះ កាន់បេតលោក។
ចុះអំពើអាក្រក់ ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត ដូចម្ដេច អ្នកទៅអំពីមនុស្សលោកនេះ កាន់បេតលោក ព្រោះវិបាកនៃកម្មដូចម្ដេច។
ID: 636866410163353669
ទៅកាន់ទំព័រ៖