ព្រះត្រៃបិដក ភាគ ៥៦
មាននគរមួយ ឈ្មោះឯរកច្ឆៈ ក្នុងដែនទសន្នៈ ក្នុងជាតិមុន ខ្ញុំកើតជាសេដ្ឋីក្នុងនគរនោះ គេស្គាល់ខ្ញុំថាធនបាល។ ខ្ញុំមានទ្រព្យ ៨០ រទេៈ មានមាសច្រើន មានកែវមុក្ដា និងកែវពិទូរ្យច្រើន។ ការឲ្យនូវទាន មិនជាទីពេញចិត្តរបស់ខ្ញុំ អ្នកមានទ្រព្យច្រើនដល់ម្ល៉ោះ ខ្ញុំក៏បិទទ្វារផ្ទះ បរិភោគ មិនឲ្យពួកយាចកឃើញខ្ញុំឡើយ។ ខ្ញុំជាអ្នកមិនមានសទ្ធា កំណាញ់ស្វិតស្វាញ ជេរប្រទេចពួកជនអ្នកឲ្យ អ្នកធ្វើ បានហាមឃាត់នូវជនដ៏ច្រើន។ ផលនៃទានមិនមាន ផលនៃការសង្រួម នឹងមានមកអំពីណា ខ្ញុំបានទំលាយស្រះបោក្ខរណី និងអណ្ដូងទឹកផង របស់ដែលគេដាំក្នុងអារាមផង រោងទឹកផង នូវស្ពានក្នុងទីទៅបានដោយលំបាកផង។ ខ្ញុំនោះ មិនបានធ្វើល្អ ធ្វើតែអាក្រក់ ច្យុតអំពីមនុស្សលោកនោះ ទៅកើតក្នុងកំណើតប្រេត ពេញប្រៀបដោយសេចក្ដីស្រេកឃ្លាន អស់ ៥៥ឆ្នាំ តាំងអំពីខ្ញុំធ្វើមរណកាលអំពីអត្តភាពនោះ។ ខ្ញុំមិនបានបរិភោគបាយ ឬផឹកទឹកឡើយ សេចក្ដីសំចៃ (មិនឲ្យទាន) ណា នោះជាសេចក្ដីវិនាស សេចក្ដីវិនាសណា នោះជាសេចក្ដីសំចៃ បានឮថា ប្រេតទាំងឡាយ រមែងដឹងថា សេចក្ដីសំចៃណា នោះជាសេចក្ដីវិនាស។
ID: 636866410342263902
ទៅកាន់ទំព័រ៖