ព្រះត្រៃបិដក ភាគ ៥៦
អំពីជាតិមុន ខ្ញុំបានសំចៃ គឺមិនបានឲ្យទ្រព្យទាំងឡាយដ៏ច្រើន កាលទេយ្យធម៌ទាំងឡាយមាននៅ ខ្ញុំមិនបានធ្វើទីពឹងដល់ខ្លួនឡើយ។ ខ្ញុំនោះ ក្ដៅក្រហាយក្នុងកាលខាងក្រោយ អន្ទោលទៅតាមផលកម្មរបស់ខ្លួន កាលកិរិយា ក៏មានដោយការកន្លងទៅខាងលើ ៤ ខែ។ ខ្ញុំធ្លាក់ទៅរងទុក្ខក្នុងនរកដ៏ខ្លាំងក្លា ខ្លោចផ្សា ជានរកមានជ្រុង ៤ មានទ្វារ ៤ វាស់ដោយចំណែកដែលគេចែកស្មើគ្នា មានរបងដែកព័ទ្ធជុំវិញ គ្របដោយដែក។ ផ្ទៃផែនដីខាងក្រោមនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះរន្ទាលច្រាលឆ្អៅ ផ្សាយទៅបានមួយរយយោជន៍ជុំវិញ តាំងនៅសព្វកាល។ ខ្ញុំបានរងទុក្ខវេទនា អស់កាលយូរអង្វែង ក្នុងនរកនោះ ដោយផលនៃបាបកម្ម ព្រោះហេតុនោះ ខ្ញុំទើបសោកស្ដាយក្រៃពេកណាស់។ ខ្ញុំប្រាប់សេចក្ដីនោះ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មកកាន់ទីប្រជុំនេះ មានប្រមាណប៉ុន្មាន សេចក្ដីចំរើន ចូរមានដល់អ្នកទាំងឡាយ អ្នកទាំងឡាយ កុំធ្វើកម្មលាមក ទោះក្នុងទីវាល ឬក្នុងទីស្ងាត់ឡើយ។ បើអ្នកទាំងឡាយ នឹងធ្វើ ឬធ្វើឥឡូវនេះ នូវកម្មលាមកនោះ ទោះបីអ្នកទាំងឡាយ ហោះរត់ទៅលើអាកាស ក៏មិនផុតអំពីសេចក្ដីទុក្ខ អ្នកទាំងឡាយ គប្បីប្រតិបត្តិមាតាបិតា កោតក្រែងដល់បុគ្គលជាធំក្នុងត្រកូល គប្បីធ្វើការបូរជា ដល់សមណព្រាហ្មណ៍ អ្នកទាំងឡាយ នឹងទៅឋានសួគ៌ ដោយបុញ្ញកម្មយ៉ាងនេះ។
ID: 636866410525014355
ទៅកាន់ទំព័រ៖