ព្រះត្រៃបិដក ភាគ ៥៦

​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​អង្គាស​ព្រះពុទ្ធ​ផង​ ​ព្រះសង្ឃ​ផង​ ​ដោយ​បាយ​ ​ទឹក​ ​និង​ចីវរ​ ​ហើយ​សូម​ឧទ្ទិស​នូវ​ទក្ខិណាទាន​នោះ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្ញុំ​ ​ខ្ញុំ​គប្បី​ជា​បុគ្គល​ឆ្អែតឆ្អន់​អស់​កាលយូរ​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​
 ក្នុង​កាលនោះ​ ​ព្រះរាជា​ស្តេច​ចុះ​ចាក​ប្រាសាទ​នោះ​ ​ហើយ​ថ្វាយ​នូវ​ទាន​ ​មានឱជារស​ ​រក​ប្រមាណ​មិនបាន​ ​ដោយ​ព្រះហស្ត​ព្រះអង្គ​ឯង​ ​ដល់​ព្រះសង្ឃ​ ​ហើយ​ក្រាបទូល​អំពី​ទាន​ ​ដែល​បាន​ធ្វើ​ចំពោះ​ព្រះ​តថាគត​ ​ហើយ​ឧទ្ទិស​នូវ​ទក្ខិណាទាន​ដល់​ប្រេត​។​ ​
 ប្រេត​នោះ​ ​ដែល​ព្រះរាជា​បូជា​ហើយ​ ​ក៏​រុងរឿង​ក្រៃពេក​ ​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះរាជា​ជាធំ​ជាង​ជន​ ​ពោល​ថា​ ​ខ្ញុំ​ព្រះអង្គ​ជា​យក្ស​ ​សម្រេច​នូវ​ឫទ្ធិ​ដ៏​ឧត្តម​ ​រក​មនុស្ស​មាន​ឫទ្ធិ​ប្រាកដ​ស្មើនឹង​ខ្ញុំ​គ្មាន​។​ ​សូម​ព្រះអង្គ​ទ្រង់ទត​មើល​ ​នូវ​អានុភាព​របស់ខ្ញុំ​ ​រក​ប្រមាណ​មិនបាន​នេះ​ ​ទាន​ដ៏​ឧត្តម​ដែល​ព្រះអង្គ​ឧទ្ទិស​ហើយ​ឲ្យ​ចំពោះ​សង្ឃ​ ​បពិត្រ​មនុស្សទេព​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​បុគ្គល​ឆ្អែត​ស្កប់ស្កល់​ដោយ​វត្ថុ​ទាំងឡាយ​ច្រើ​នរឿយៗ​ ​សព្វកាល​ ​ក៏បាន​នូវ​សេចក្តី​សុខ​ ​ឥឡូវ​សូមលា​ទៅ​។​ ​

​ចប់​ ​រឿង​ចូឡ​សេដ្ឋិ​ប្រេត​ ​ទី៨​។​ ​

ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636866412310956505
ទៅកាន់ទំព័រ៖