ព្រះត្រៃបិដក ភាគ ៥៦

 ​(​ព្រះមានព្រះភាគ​ត្រាស់​ថា​)​ ​ម្នាល​អង្កុរៈ​ ​មហាទាន​ដែល​អ្នក​បាន​ឲ្យហើយ​ ​ក្នុង​ចន្លោះ​នៃ​កាល​ដ៏​វែង​ ​ឥឡូវ​អ្នក​ទៅ​អង្គុយ​នៅក្នុង​ទី​ឆ្ងាយ​ ​ចូរ​អ្នក​មក​ក្នុង​ទី​ជិត​នៃ​តថាគត​។​ ​
 ​កាលណា​ព្រះពុទ្ធ​ ​ឧត្តម​ជាង​បុរស​ ​គង់នៅ​លើ​ថ្ម​បណ្ឌុ​កម្ពល​ ​ជិត​គល់​នៃ​បារិច្ឆត្តក​ព្រឹក្ស​ ​ក្នុង​ជាន់​ត្រៃត្រឹង្ស​។​ ​ទេវតា​ទាំងឡាយ​ ​ក្នុង​លោកធាតុ​ទាំង​ ​១០​ ​បាន​ប្រជុំ​គ្នា​ ​ចូល​ទៅ​អង្គុយ​ជិត​ព្រះសម្ពុទ្ធ​ ​ដែល​គង់នៅ​លើកំពូល​ភ្នំ​ ​(​សុមេរុ​)​។​ ​ទេវតា​ណាមួយ​ ​រុងរឿង​ជាង​ព្រះសម្ពុទ្ធ​ដោយ​វណ្ណៈ​ ​មិន​មាន​ឡើយ​ ​មានតែ​ព្រះសម្ពុទ្ធ​មួយ​ព្រះអង្គ​ឯង​ប៉ុណ្ណោះ​ ​រុងរឿង​កន្លង​នូវ​ទេវតា​ទាំងអស់​។​ ​ក្នុង​កាលនោះ​ ​អង្កុរ​ទេវបុត្រ​នៅក្នុង​ទី​ប្រមាណ​ ​១២​ ​យោជន៍​ ​ឥន្ទ​ក​ទេវបុត្រ​រុងរឿង​ក្រៃពេក​ ​ក្នុង​ទី​ជិត​នៃ​ព្រះសម្ពុទ្ធ​។​ ​ព្រះសម្ពុទ្ធ​ទ្រង់​រមិលមើល​នូវ​អង្កុរ​ទេវបុត្រ​ ​និង​ឥន្ទ​ក​ទេវបុត្រ​ ​កាល​ទ្រង់​សរសើរ​នូវ​ទក្ខិណេយ្យ​បុគ្គល​ ​បាន​ត្រាស់​សំដែង​នូវ​ពាក្យ​នេះ​ថា​ ​ម្នាល​អង្កុរៈ​ ​មហាទាន​ដែល​អ្នកឲ្យ​ហើយ​ ​អស់​ចន្លោះ​នៃ​កាល​ដ៏​វែង​ ​អ្នក​អង្គុយ​ក្នុង​ទី​ឆ្ងាយ​ពេក​ណាស់​ ​ចូរ​មក​ជិត​តថាគត​មក​។​
 អង្កុរ​ទេវបុត្រ​ដែល​ព្រះសម្ពុទ្ធ​មានព្រះអង្គ​អប់រំ​ហើយ​ ​ទ្រង់​ដាស់តឿន​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ដូច្នេះ​ថា​ ​ប្រយោជន៍អ្វី​ ​ដោយ​ទាន​នោះ​របស់ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​ ​(​ទាន​នោះ​)​ ​សូន្យ​ចាក​ទក្ខិណេយ្យ​បុគ្គល​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636866415589174008
ទៅកាន់ទំព័រ៖