ព្រះត្រៃបិដក ភាគ ៥៦
រឿងនាងឧត្តរមាតុប្រេត ទី១០
[២២] ស្រីប្រេតដែលមានសម្បុរអាក្រក់ ឃើញគួរខ្លាច បានចូលទៅរកភិក្ខុនោះ
(១) ដែលកំពុងសម្រាកនៅក្នុងវេលាថ្ងៃ អង្គុយនៅទៀបឆ្នេរទន្លេគង្គា សក់ទាំងឡាយនៃស្រីប្រេតនោះ វែងសំយុងចុះដរាបដល់ដី ស្រីប្រេតនោះ បិទបាំងខ្លួនប្រាណដោយសក់ទាំងឡាយ ហើយនិយាយទៅនឹងសមណៈដូច្នេះថា ចាប់ដើមតាំងអំពីខ្ញុំធ្វើមរណកាលមកបាន ៥៥ ឆ្នាំហើយ មិនដែលបានបរិភោគ ឬក្រេបផឹកនូវទឹកឡើយ បពិត្រលោកដ៏ចំរើន សូមលោកឲ្យនូវទឹកដល់ខ្ញុំ ដើម្បីបានក្រេបផឹក ព្រោះសេចក្តីស្រេក។
(ព្រះកង្ខារេវត្តត្ថេរតបថា) ទន្លេគង្គានេះ មានទឹកត្រជាក់ហូរមកពីភ្នំហិមវន្ត នាងចូរកាន់យកនូវទឹកអំពីទន្លេគង្គានេះ ហើយក្រេបផឹកចុះ ហេតុអ្វីបានជានាងសូមទឹកនឹងយើងដូច្នេះ។
បពិត្រលោកដ៏ចំរើន បើខ្ញុំកាន់យកទឹកអំពីទន្លេគង្គាដោយខ្លួនឯង ទឹកនោះ ក៏ប្រែទៅជាឈាមដល់ខ្ញុំវិញ ព្រោះហេតុនោះ បានជាខ្ញុំសូមទឹកអំពីលោកម្ចាស់វិញ។
ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត ដូចម្តេចខ្លះ បានជាទឹកទន្លេគង្គា ប្រែទៅជាឈាមដល់នាង ព្រោះវិបាកនៃកម្មដូចម្តេច។
(១) ក្នុងអដ្ឋកថា សំដៅយកព្រះកង្ខារេវត្តត្ថេរ។
ID: 636866416245601554
ទៅកាន់ទំព័រ៖