ព្រះត្រៃបិដក ភាគ ៥៦
ទាំងទ្រព្យដ៏ច្រើន ក៏មិនចេះអស់ផង។ ខ្ញុំបានសេចក្តីសុខ និងសេចក្តីស្រួល ក្នុងវិមាននេះ ព្រោះអាស្រ័យផលនៃកម្មនោះឯង ខ្ញុំនោះ នឹងទៅកាន់មនុស្សលោកវិញហើយ ធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្រ សូមអ្នកនាំខ្ញុំទៅ (ឯមនុស្សលោកចុះ)។
(វិមានប្រេត និយាយថា) នាងមកក្នុងវិមាននេះ បាន ៧០០ ឆ្នាំហើយ (បើនាងទៅអំពីទីនេះវិញ ទៅនៅ) ក្នុងមនុស្សលោកនោះ នឹងគ្រាំគ្រាចាស់ ពួកញាតិរបស់នាងទាំងអស់ ស្លាប់អស់ហើយ (ព្រោះហេតុនោះ) នាងនឹងទៅអំពីទេវលោកនេះធ្វើអ្វី ក្នុងមនុស្សលោកនោះ។
(ស្រីនោះនិយាយថា) ខ្ញុំបានមកក្នុងវិមាននេះ ជាស្រីបរិបូណ៌ដោយវត្ថុទិព្វ និងសេចក្តីសុខ អស់ត្រឹម ៧ ឆ្នាំ ខ្ញុំនោះនឹងទៅកាន់មនុស្សលោកវិញ ហើយធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្រ សូមអ្នកនាំខ្ញុំទៅចុះ។
វិមានប្រេតនោះ ក៏កំហែងចាប់ស្រីនោះ ត្រង់ដើមដៃនាំមក (កាន់ស្រុកផៅពង្ស) វិញ ហើយនិយាយនឹងស្រីចាស់មានកំឡាំងទន់ខ្សោយនោះថា នាងត្រូវប្រាប់ដល់ជនដទៃទៀត ដែលមកក្នុងទីនេះថា អ្នកទាំងឡាយ ចូរធ្វើបុណ្យទាំងឡាយ អ្នកទាំងឡាយ នឹងបានសេចក្តីសុខ។
ID: 636866417061718233
ទៅកាន់ទំព័រ៖