ព្រះត្រៃបិដក ភាគ ៥៦
ស្រីនោះ ឲ្យឱវាទដល់ពួកជនដែលមកកាន់សំណាក់ខ្លួនថា ពួកប្រេតដែលខ្ញុំបានឃើញហើយ ជាអ្នកមានអំពើល្អមិនបានធ្វើ តែងលំបាក យ៉ាងណាមិញ ពួកមនុស្ស ក៏យ៉ាងនោះដែរ ពួកសត្វ គឺទេវតា និងមនុស្ស ដែលបានធ្វើកម្ម មានសេចក្តីសុខជាកម្រៃហើយ តែងតាំងនៅក្នុងសេចក្តីសុខ។
ចប់ រឿងសុត្តប្រេត ទី១១។
រឿងកណ្ណមុណ្ឌប្រេត ទី១២
[២៤] (ព្រះរាជាសួរស្រីប្រេតថា) ស្រះបោក្ខរណី មានកាំជណ្តើរជាវិការៈនៃមាសក្រាលខ្សាច់ជាវិការៈនៃមាស (ដោយជុំវិញ) ពួកផ្កាចង្កុលណី ក្នុងស្រះបោក្ខរណីនោះល្អ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត (ស្រះបោក្ខរណីនោះ) ដេរដាសដោយឈើផ្សេងៗ ផ្សាយទៅដោយក្លិនផ្សេងៗ ដេរដាសដោយឈូកក្រហមផ្សេងៗ ឆ្លូកឆ្លាស់ដោយឈូកសផ្សេងៗ។ (ស្រះបោក្ខរណីទាំងឡាយនោះ) ទ្រហឹងអឺងកង ដោយហង្ស និងក្រៀល មានសត្វចាក្រពាកស្រែកក្រលួច កុះករដោយហ្វូងសត្វស្លាបផ្សេងៗ ប្រកបដោយពួកបក្សី មានសំឡេងផ្សេងៗ ផង ឈើទាំងឡាយ ទ្រទ្រង់នូវផ្លែផ្សេងៗ ផង ព្រៃទាំងឡាយ ទ្រទ្រង់នូវកម្រងផ្កាផ្សេងៗ ផង មានក្លិនក្រអូបជាទីគាប់ចិត្ត ដែលខ្យល់បក់មកត្រូវ ក៏ផ្សាយទៅ។
ID: 636866417372215993
ទៅកាន់ទំព័រ៖