ព្រះត្រៃបិដក ភាគ ៥៦
ពួកជនដែលមិនបានធ្វើបុណ្យ មិនមានសេចក្ដីសុខក្នុងលោកនេះ និងលោកខាងមុខឡើយ ឯពួកជនដែលបានធ្វើបុណ្យ រមែងមានសេចក្ដីសុខក្នុងលោកនេះ និងលោកខាងមុខពិតប្រាកដ។ ពួកជនដែលចង់កើតជាមួយនឹងពួកទេវតានោះ ត្រូវធ្វើបុណ្យឲ្យច្រើន ព្រោះពួកជនដែលបានធ្វើបុណ្យហើយ តែងបរិបូណ៌ដោយភោគៈ រមែងរីករាយក្នុងឋានសួគ៌។
ចប់ រឿងអភិជ្ជមានប្រេត ទី១។
រឿងសានុវាសិប្រេត ទី២
[២៧] (ព្រះធម្មសង្គាហកត្ថេរទាំងឡាយ ពោលថា) ព្រះថេរៈឈ្មោះបោដ្ឋបាទ អ្នកកើតក្នុងក្រុងកុណ្ឌី បាននៅអាស្រ័យលើភ្នំឈ្មោះសានុវាសី ជាអ្នករម្ងាប់បាប មានឥន្រ្ទិយចំរើនហើយ (ដោយអរិយមគ្គភាវនា)។ មាតា បិតា និងបងប្រុងរបស់ព្រះថេរៈនោះ ជាអ្នកដល់នូវសេចក្ដីលំបាក បានកើតក្នុងយមលោក (នរក) លុះច្យុតអំពីមនុស្សលោកនេះហើយ ក៏ទៅកាន់បេតលោក ព្រោះធ្វើបាបកម្ម ពួកប្រេតទាំងនោះ ជាអ្នកដល់នូវសេចក្ដីលំបាក មានទ្វារមាត់ប៉ុនរន្ធម្ជុល ត្រដាបត្រដួស មានកាយអាក្រាត ស្គមកំព្រឹង ស្លុតរន្ធត់ ភ័យឡឹនឡង់ ជាអ្នកមានផលកម្មអាក្រក់ មិនហ៊ានបង្ហាញខ្លួនឲ្យគេឃើញឡើយ។ បងប្រុសរបស់ព្រះថេរៈនោះ ជាអ្នកអាក្រាត តែម្នាក់ឯងក្នុងផ្លូវចុះតែជើងមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយអវយវៈបួន គឺវារប្រញាប់ប្រញាល់ទៅបង្ហាញខ្លួនដល់ព្រេះថេរៈ។
ID: 636866420334615432
ទៅកាន់ទំព័រ៖