ព្រះត្រៃបិដក ភាគ ៥៦

​ព្រះ​ថេរៈ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្នកនោះ​ឈ្មោះ​នេះ​ ​ហើយក៏​នៅ​ស្ងៀម​ ​ដើរ​ហួរ​ទៅ​ ​ឯ​ប្រេត​នោះ​ ​បាន​ទូល​ព្រះ​ថេរៈ​ឲ្យដឹង​ច្បាស់​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ ​ខ្ញុំ​ព្រះករុណា​ត្រូវជា​បង​ ​បាន​ទៅកាន់​បេតលោក​ហើយ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​មាតា​ ​និង​បិតា​របស់​លោក​ ​ដល់​នូវ​សេចក្ដី​លំបាក​ ​កើត​ក្នុង​យមលោក​ ​លុះ​ច្យុត​អំពី​មនុស្សលោក​នេះ​ហើយ​ ​ក៏​ទៅកាន់​បេតលោក​ ​ព្រោះ​ធ្វើ​កម្ម​ដ៏​លាមក​ ​មាតា​ ​និង​បិតា​ទាំងនោះ​ ​ជា​អ្នក​ដល់​នូវ​សេចក្តី​លំបាក​ ​មាន​ទ្វារ​មាត់​ប៉ុ​នរុន្ធ​ម្ជុល​ ​ត្រដាបត្រដួស​ ​មាន​កាយ​អាក្រាត​ ​ស្គមកំព្រឹង​ ​ស្លុតរន្ធត់​ ​ភ័យ​ឡឹន​ឡង់​ ​ជា​អ្នកមាន​ផលកម្ម​អាក្រក់​ ​មិន​ហ៊ាន​បង្ហាញខ្លួន​ឲ្យ​គេ​ឃើញ​ឡើយ​។​ ​លោក​ជា​អ្នកមាន​សេចក្តី​អាណិតអាសូរ​ ​សូម​អនុគ្រោះ​ឲ្យ​ទាន​ ​ឧទ្ទិស​ទៅ​ឲ្យ​យើង​ទាំងឡាយ​ផង​ ​មាតា​ ​និង​បិតា​ទាំងនោះ​ ​ដែល​មានកម្ម​អាក្រក់​ ​នឹង​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទាន​ដែល​លោកម្ចាស់​ឲ្យហើយ​។​ ​
 ព្រះ​ថេរៈ​ផង​ ​ភិក្ខុ​ទាំងឡាយ​ដទៃ​ ​១២​ ​អង្គ​ផង​ ​ដើរទៅ​បិណ្ឌបាត​ ​ហើយ​ប្រជុំ​ក្នុង​ទី​ជាមួយគ្នា​ ​ព្រោះ​ហេតុ​នៃ​ភត្តកិច្ច​ ​ព្រះ​ថេរៈ​បាន​និយាយ​នឹង​ពួក​ភិក្ខុ​ទាំងអស់​នោះ​ថា​ ​លោក​ទាំងឡាយ​ ​សូមឲ្យ​នូវ​ភត្ត​ដែល​លោក​ទាំងឡាយ​បាន​ហើយ​យ៉ាងណា​ដល់​ខ្ញុំ​ ​ខ្ញុំ​នឹង​ធ្វើ​សង្ឃភត្ត​ដើម្បី​អនុគ្រោះ​ដល់​ពួក​ញាតិ​។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636866420594420292
ទៅកាន់ទំព័រ៖