ព្រះត្រៃបិដក ភាគ ៥៦
សំពត់ទាំងឡាយ ក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស លំដាប់នោះ (ប្រេតជាបង) ក៏ស្លៀកដណ្តប់សំពត់ដ៏ល្អ បានបង្ហាញខ្លួនដល់ព្រះថេរៈ។ (ប្រេតនោះ) មានសម្បុរល្អ មានកំឡាំង មានសេចក្តីសុខ (បាននិយាយថា) បពិត្រលោកដ៏ចំរើន សំពត់ជាគ្រឿងបិទបាំងកាយ ក្នុងដែនរបស់ព្រះបាទនន្ទៈទាំងប៉ុន្មាន (សំពត់ជាគ្រឿងបិទបាំងរបស់ពួកយើង) ច្រើនលើសជាងសំពត់ជាគ្រឿងបិទបាំងកាយទាំងនោះ។
សំពត់ទាំងឡាយ ជាគ្រឿងស្លៀកពាក់របស់ពួកយើង គឺកោសេយ្យពស្រ្ត កម្ពលីយពស្រ្ត ខោមពស្រ្ត កប្បាសិកពស្រ្ត ជាសំពត់ធំទូលាយ មានថ្លៃច្រើន ឯសំពត់ទាំងនោះ ក៏សំយុងចុះឰដ៏អាកាស ពួកយើងនឹងស្លៀកពាក់សំពត់ទាំងនោះ តាមចិត្តស្រឡាញ់ បពិត្រលោកដ៏ចំរើន ពួកយើង គួរបានផ្ទះដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។
ព្រះថេរៈបានធ្វើកុដ្ឋប្រក់ដោយស្លឹក ហើយប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំងបួន លុះព្រះថេរៈបានប្រគេនហើយ ឧទ្ទិសដល់បិតា មាតា និងបងថា សូមទាននេះសម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខចុះ។
ផ្ទះទាំងឡាយ ផ្ទះកំពូលទាំងឡាយ ជាទីនៅ ដែលញែកចែក ដែលចែកដោយប្រមាណស្មើគ្នា ក៏សម្រេច (ដល់ពួកប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស។
ID: 636866421193604563
ទៅកាន់ទំព័រ៖