ព្រះត្រៃបិដក ភាគ ៥៦
(ឧបាសកសួរថា) អំពើអាក្រក់ដូចម្ដេច ដែលនាងបានធ្វើហើយ ដោយកាយ វាចា ចិត្ត នាង (ច្យុត) អំពីមនុស្សលោកនេះ បានទៅកាន់បេតលោក ដោយផលនៃកម្មដូចម្ដេច។
(ស្រីប្រេតឆ្លើយថា) ខ្ញុំបានរើសទ្រព្យគេកន្លះមាសក ត្រង់កំពង់ទាំងឡាយដែលមិនមានទោស គឺមិនមានអ្នកណាមួយឃាត់ខាំង កាលដែលទេយ្យធម៌ទាំងឡាយ កំពុងមានគ្រប់គ្រាន់ ខ្ញុំមិនបានធ្វើនូវទីពឹងចំពោះខ្លួនសោះ។ ខ្ញុំស្រេកទឹក ចូលទៅរកស្ទឹង ស្ទឹងក៏បែរទៅជាទទេ ខ្ញុំចូលទៅជ្រកម្លប់ ក្នុងកាលកំពុងក្ដៅ ស្រមោលក៏បែរទៅជាក្ដៅ។ ឯខ្យល់ដែលដូចភ្លើងសោត ក៏ក្ដៅភាយមកដល់ខ្ញុំ បពិត្រអ្នកដ៏ចំរើន ខ្ញុំគួរ (រង) ទុក្ខ មានសម្រេកជាដើមនេះ និងបាបកម្មដទៃដ៏លាមកលើសលុបជាងសេចក្ដីទុក្ខ មានសម្រេកជាដើមនោះ។ អ្នកគួរទៅកាន់ហត្ថិនីបុរី ហើយជំរាបមាតារបស់ខ្ញុំថា ខ្ញុំបានឃើញកូនស្រីរបស់នាង ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (ច្យុត) អំពីមនុស្សលោកនេះ បានទៅកាន់បេតលោក។ ទ្រព្យដែលខ្ញុំទុកក្នុងទីនុ៎ះមាន តែខ្ញុំមិនបានប្រាប់ទ្រព្យនោះ (ឯទ្រព្យទាំងនោះ) ចំនួន ៤ សែនកហាបណៈ ក្រោមបល្ល័ង្ក (របស់ខ្ញុំ)។ មាតារបស់ខ្ញុំនោះ ចូរឲ្យទានដើម្បីខ្ញុំផង ចូរចញ្ចឹមជីវិតផង ដោយទ្រព្យនោះចុះ មាតារបស់ខ្ញុំ លុះឲ្យទានហើយ ចូរឧទ្ទិសទក្ខិណាទានដល់ខ្ញុំផង
ID: 636866423807554073
ទៅកាន់ទំព័រ៖