ព្រះត្រៃបិដក ភាគ ៥៦
រឿងទុតិយមិគលុទ្ទប្រេត ទី៨
[៣៣] (ព្រះនារទត្ថេរ សួរប្រេតថា) អ្នកត្រេកអរលើបល្ល័ង្កដែលក្រាលដោយសំពត់គោណកៈ ក្នុងប្រាសាទ ដែលជាផ្ទះកំពូល គេប្រគំហើយ ដោយតូរ្យតន្ត្រីប្រកបដោយអង្គ ៥។ កាលជិតព្រះអាទិត្យរះឡើង ក្នុងទីបំផុតនៃរាត្រីនោះ អ្នកត្រូវគេបោះបង់ចោលក្នុងព្រៃស្មសាន ដល់នូវសេចក្ដីទុក្ខច្រើន។ អំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើហើយ ដោយកាយ វាចា ចិត្ត អ្នកដល់នូវសេចក្ដីទុក្ខនេះ តើដោយផលនៃកម្មដូចម្ដេច។
(ប្រេតនោះឆ្លើយថា) កាលពីដើម ខ្ញុំជាព្រានម្រឹគ ជាអ្នកអាក្រក់ មិនសង្រួមនៅក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល គួរត្រេកអររីករាយ។ សំឡាញ់របស់ខ្ញុំនោះ អ្នកមានហ្ឫទ័យល្អ ជាឧបាសកមានសទ្ធា មានភិក្ខុមួយអង្គ ជាជិតុនរបស់សំឡាញ់ខ្ញុំនោះ ជាសាវ័ករបស់ព្រះគោតម។ ភិក្ខុនោះ អនុគ្រោះ បានឃាត់ខ្ញុំរឿយ ៗ ថា អ្នកកុំធ្វើអំពើអាក្រក់ឡើយ នែអ្នក អ្នកកុំទៅកាន់ទុគ្គតិឡើយ បើអ្នកប្រាថ្នាសេចក្ដីសុខក្នុងបរលោក អ្នកចូរវៀរបង់នូវការមិនសង្រួម គឺការសម្លាប់សត្វ។ ខ្ញុំបានស្ដាប់ពាក្យរបស់ភិក្ខុនោះ លោកប្រាថ្នាសេចក្ដីសុខ អនុគ្រោះដោយប្រយោជន៍ តែខ្ញុំជាអ្នកត្រេកអរក្នុងបាបយូរយារ មិនមានប្រាជ្ញា មិនបានធ្វើតាមពាក្យប្រៀនប្រដៅ (របស់លោក) ទាំងអស់។
ID: 636866424959709972
ទៅកាន់ទំព័រ៖