ព្រះត្រៃបិដក ភាគ ៥៦
ភិក្ខុនោះ លោកមានប្រាជ្ញាល្អ ស្មើដោយផែនដី បានដំកល់ខ្ញុំក្នុងសេចក្ដីសង្រួមម្ដងទៀត ដោយសេចក្ដីអនុគ្រោះថា បើអ្នកសម្លាប់ពួកសត្វក្នុងវេលាថ្ងៃ ត្រូវអ្នកសង្រួមក្នុងវេលាយប់ចុះ។ ខ្ញុំនោះ សម្លាប់ពួកសត្វតែក្នុងវេលាថ្ងៃ ជាអ្នកសង្រួម វៀរចាកការសម្លាប់សត្វក្នុងវេលាយប់ ខ្ញុំរក្សាខ្លួនបានតែក្នុងវេលាយប់ វេលាថ្ងៃ ទៅកាន់ទុគ្គតិ (ឆ្កែទាំងឡាយ) ខាំស៊ី។ ខ្ញុំសោយសម្បត្តិទិព្វ (ដោយអំណាច) នៃកុសលកម្មនោះ ក្នុងវេលាយប់ វេលាថ្ងៃ ពួកឆ្កែមានចិត្តខ្នាញ់ ស្ទុះមកចោមខាំដោយជុំវិញ ពួកសត្វណា មានការប្រកបរឿយៗ ប្រកបជានិច្ច ក្នុងសាសនារបស់ព្រះសុគត ខ្ញុំសំគាល់ថា ពួកសត្វនោះ តែងបាននូវព្រះនិព្វានឈ្មោះអមតៈ ជាធម្មជាតសុទ្ធ គឺមិនលាយឡំដោយលោកិយសុខ ជាបទមិនមានបច្ច័យប្រជុំតាក់តែងបានឡើយ។
ចប់ រឿងទុតិយមិគលុទ្ទប្រេត ទី៨។
រឿងកូដវិនិច្ឆយកប្រេត ទី៩
[៣៤] (ព្រះនារទត្ថេរសួរប្រេតថា) អ្នកពាក់នូវកម្រងផ្កា ជួតក្បាល ពាក់សង្វារ ខ្លួនរបស់អ្នកប្រស់ព្រំដោយខ្លឹមចន្ទ៍ អ្នកមានសម្បុរមុខថ្លា ល្អដូចជាសម្បុរនៃព្រះអាទិត្យ។ បរិវារទាំងឡាយរបស់អ្នក ដែលរាប់បញ្ចូលក្នុងបរិសទ័ មិនមែនជាមនុស្ស គឺនាងកញ្ញាមួយម៉ឺន ជាស្រីបំរើរបស់អ្នក។
ID: 636866425255176872
ទៅកាន់ទំព័រ៖