ព្រះត្រៃបិដក ភាគ ៥៦
សុត្តន្តបិដក
ខុទ្ទកនិកាយ ថេរគាថា
សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។
[១] អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយប្រយោជន៍ របស់ព្រះថេរៈទាំងឡាយ អ្នកមានចិត្តចំរើនហើយ កាលបន្លឺឡើង ដូចជាសីហៈ ជាសត្វមានចង្កូមដែលបន្លឺទៀបច្រកនៃភ្នំ ព្រះថេរៈទាំងឡាយតាមនាម តាមគោត្រ តាមវិហារធម៌ តាមអធ្យាស្រ័យ ប្រកបដោយប្រាជ្ញា ជាបុគ្គលមិនខ្ជិលច្រអូស ចំរើនវិបស្សនា ក្នុងទីនោះៗ បានពាល់ត្រូវអច្ចុតបទ គឺព្រះនិព្វាន ពិចារណានូវគុណសម្បត្តិ ដែលលោកបានធ្វើស្រេចហើយ បានសំដែងហើយនូវសេចក្តីដូចតទៅនេះ។
ឯកនិបាត
ថេរគាថា ឯកនិបាត បឋមវគ្គ
[២] នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំងហើយ ជាសុខ មិនមានខ្យល់ អ្នកចូរបង្អោរតាមសប្បាយចុះ ចិត្តរបស់អាត្មា ដម្កល់ទុកល្អហើយ ជាចិត្តរួចស្រឡះ (ចាកអាសវៈ) អាត្មាមានព្យាយាមដុតកំដៅកិលេសជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរមកចុះ។
ឮថា ព្រះសុភូតិត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
ID: 636866440551931796
ទៅកាន់ទំព័រ៖