ព្រះត្រៃបិដក ភាគ ៥៦
កាលអញកាន់កណ្តៀវ ១ កាលអញកាន់នង្គ័ល ១ កាលអញកាន់ចបតូច ១ ទោះការងារ (មានកាន់កណ្តៀវជាដើមនោះ) ក្នុងទីនេះ ៗ ក៏ដោយ ឬក៏ការងារ (មានកាន់កណ្តៀវជាដើម) ល្មមហើយ គួរហើយ នែសុមង្គល អ្នកចូររំពឹង (ដល់សមាបត្តិចុះ) នែសុមង្គល អ្នកចូររំពឹងចុះ នែសុមង្គល អ្នកចូរជាអ្នកកុំប្រមាទ។
សុមង្គលត្ថេរ។
[៤៥] បពិត្រមាតា ពួកញាតិតែងយំរកបុគ្គលដែលស្លាប់ហើយ ឬបុគ្គលដែលរស់នៅ តែមិនបានជួបប្រទះ បពិត្រមាតា ពួកញាតិឃើញអាត្មាកំពុងរស់នៅ បពិត្រមាតា ព្រោះហេតុអ្វី ទើបអ្នកមាតាយំរកអាត្មា។
សានុត្ថេរ។
[៤៦] គោ អាជានេយ្យដ៏ប្រសើរ ទោះបីភ្លាត់ រមែងឈរស៊ប់វិញបានយ៉ាងណា (អ្នកទាំងឡាយ ចូរចំណាំខ្ញុំ) ថាជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌ដោយទស្សនសម្បត្តិ (គ្រប់គ្រាន់ដោយការឃើញ) ក៏យ៉ាងនោះដែរ។
រមណីយវិហារិត្ថេរ។
[៤៧] អាត្មាចេញចាកផ្ទះ ចូលកាន់ផ្នួស បួសដោយសទ្ធា សតិ និងបញ្ញារបស់ខ្ញុំចំរើនហើយ ទាំងចិត្ត ក៏ខ្ញុំតម្កល់ទុកប្រពៃហើយ (នែមារចិត្តបាប) អ្នកចូរធ្វើអំពើដ៏គួរតាមប្រាថ្នាចុះ អ្នកនឹងបៀតបៀនអាត្មាមិនបានទេ។
សមិទ្ធិត្ថេរ។
ID: 636866448582631126
ទៅកាន់ទំព័រ៖