ព្រះត្រៃបិដក ភាគ ៥៦
ជនពាលដែលកំពុងធ្វើកម្មដ៏លាមក ក៏មិនភ្ញាក់រលឹក (រហូតដល់) ផលដ៏ក្តៅក្រហាយមានដល់គេក្នុងកាលជាខាងក្រោយ ព្រោះថាវិបាករបស់កម្មនោះ ជាវិបាកដ៏លាមក។
ហេរញ្ញកានិត្ថេរ។
[១៣៥] បុគ្គលតោងកំណាត់ឈើតូច រមែងលិចចុះក្នុងជំនន់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យមនុស្សខ្ជិល ទុកជាមានការរស់នៅដោយល្អ ក៏រមែងលិចចុះ (ក្នុងសង្សារវដ្ត) យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលគប្បីវៀរបុគ្គលខ្ជិល អ្នកមានព្យាយាមថោកទាបនោះចេញ គប្បីនៅរួមជាមួយនឹងពួកអរិយៈ ជាបុគ្គលស្ងប់ស្ងាត់ មានឈាន មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) ជាបណ្ឌិត មានព្យាយាមតឹងរឹងអស់កាលជានិច្ច។
សោមមិត្តត្ថេរ។
[១៣៦] ជន [ពាក្យថាជន ក្នុងគាថានេះ សំដៅយកមនុស្សអន្ធពាល។ អដ្ឋកថា។] ទាក់ទងនឹងជន ជនអាស្រ័យនូវជន ជនត្រូវជនបៀតបៀនផង ជនបៀតបៀនជនផង។ ព្រោះថាប្រយោជន៍អ្វី ដោយជនរបស់ជននោះ ឬដោយជនដែលឲ្យកើតហើយ អាត្មាអញ គប្បីលះនូវជន ដែលបៀតបៀនជនច្រើន ហើយទៅ។
សព្វមិត្តត្ថេរ។
ID: 636866476614164438
ទៅកាន់ទំព័រ៖